ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩
ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ មេសា ឆ្នាំ ២០២០

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តន៍ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ។

យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាន បានបញ្ជាក់ថា៖

១ ហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេសរួមមាន ការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

២ ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ៖
-ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
-រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំង មានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន
-រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
-រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
-រថយន្តពន្លត់អគ្គិភ័យ
-រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
-ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រសហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
-ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបាន នូវសេវាសុខភាពចាំបាច់និងបន្ទាន់ដោយកំណត់ចំនួនមនុស្សមិនឲ្យលើសពី ៤នាក់សម្រាប់ករណីនីមួយៗ។

៣ បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីម៉ោង ២៤ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ៕

 


អត្ថបទទាក់ទង