ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ហេង ចាន់ឌី ប្រធាននាយកដ្ឋានអធិការកិច្ចទី១ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន រយៈពេល០៤ខែ គិតចាប់ពីខែឧសភា ដល់ ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  2. ក្រសួងសុខាពិបាល បានរកឃើញអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន ៤នាក់ទៀតហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ  3. ក្រសួងមហាផ្ទៃ ចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រង បងប្អូន ប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ  4. គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)  5. រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកការរៀបចំសង្ក្រាន្តវត្តភ្នំនាពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគ covid-19

សម្តេចក្រឡាហោម សខេងចុះជួបសំណេះសំណាលជាមួយមន្រ្តីអង្គភាពពាក់ព័ន្ធនៅតាមបណ្តាច្រកព្រំដែនកម្ពុជាថៃ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិនា ឆ្នាំ ២០២០

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងថាវត្តមានរបស់សម្ដេចព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនាឱកាសនេះ គឺជាការរួមគ្នាមកផ្ដល់ការលើកទឹកចិត្តខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្ដាអង្គភាព និងស្ថាប័នានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសនៅក្នុងស្ថានភាពនៃការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ។

សម្ដេចក្រឡាហោមបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល ពិសេសក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្នុងសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ត្រីរាជការ កងកម្លាំងសមត្ថិកិច្ច និងអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ចទទួលបានជោគជ័យ រួមណែករក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនជាតិមាតុភូមិ បង្កលក្ខណៈសម្បត្តិជូនពលរដ្ឋរស់នៅតាមព្រំដែន និងពលរដ្ឋនៅក្នុងប្រទេសបានបំពេញការងារ អាជីវកម្ម និងធ្វើដំណើរចេញចូលប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព។

សម្ដេចក៏បានគូសបញ្ជាក់អំពីស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩ ដែលបាននឹងកំពុងកើតមាននៅបណ្ដាប្រទេសស្ទើរពាសពេញពិភពលោក ស្របពេលដែលថ្នាំព្យាបាល និងវ៉ាក់សាំងបង្ការមិនទាន់ត្រូវបានប្រទេសណាមួយរកឃើញនៅឡើយ ។ សម្ដេចបានបន្ថែមថាថ្វីដ្បិតមានអ្នកជំងឺមួយចំនួនត្រូវបានព្យាបាលឱ្យជាសះស្បើយ  ប៉ុន្តែពិភពលោកនៅតែមានក្ដីព្រួយបារម្ភខ្លាំងនៅឡើយ ព្រោះតែអត្រាអ្នកឆ្លងថ្មី និងអ្នកស្លាប់នៅតែបន្តមានកំណើន ។

សម្ដេចបានមានប្រសាសន៍ទៀតថាពេលនេះ ប្រទេសចិនដែលជាចំណុចកណ្ដាលនៃការផ្ទុះដំបូងជំងឺកូវីដ១៩ មានសភាពធូរស្បើយច្រើនហើយ ប៉ុន្តែវាបានប្រឈមខ្លាំងនៅតំបន់អឺរ៉ុប និងអាម៉េរិក ខណៈប្រទេសអាស៊ានក៏មានអ្នកជំងឺនេះគ្រប់ប្រទេសដែរ គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ ក្នុងនោះម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ មានអ្នកឆ្លងជំងឺនេះច្រើន និងកំពុងដាក់ចេញវិធានការដោះស្រាយជាបន្តបន្ទាប់ រហូតដល់ដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នតែម្ដង ។

សម្ដេចបានគូសបញ្ជាក់ថាវិធានការចំបាច់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺនេះ គឺការកាត់បន្ថយការទំនាក់ទំនង និងជួបជុំគ្នារវាងពលរដ្ឋ និងពលរដ្ឋ ហើយមិនមែនតែប្រទេសផ្សេងទេ កម្ពុជាក៏បានអនុវត្តន៍ដែរ ដូចជាការបិទសាលារៀន បិទក្លឹបកំសាន្ត ខារ៉ាអូខេ និងទីកំសាន្តផ្សេងៗ ការផ្អាករៀបចំកម្មវិធីសាសនា កិច្ចប្រជុំ និងព្រឹត្តិការជួបជុំនានា ព្រមទាំងបានដាក់ចេញវិធានការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន តាមរយៈគ្រប់មធ្យោបាយទាំងតាមបណ្ដាញទូរទស្សន៍ វិទ្យុ វេបសាយ និងតាមរយៈការចាក់មេក្រូចល័តតាមភូមិ ។

សម្ដេចបានគូសបញ្ជាក់ថាសម្រាប់ប្រជាពលរដ្ឋដែលមានការសង្ស័យ រាជរដ្ឋាភិបាល គ្មានជម្រើសអ្វីក្រៅតែពីការនាំពួកគាត់យកទៅដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដាន និងពិនិត្យព្យាបាលឡើយ ហើយថាសម្រាប់ការដោះស្រាយបញ្ហានេះ ក្រៅតែពីមន្ទីរពេទ្យរដ្ឋដែលមានស្រាប់ រាជរដ្ឋាភិបាលបានចាត់តាំងឱ្យអភិបាលខេត្តនានា រៀបចំទីកន្លែងសម្រាប់ការស្នាក់នៅដោយឡែក និងការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋរួចនៅតាមទីរួមខេត្តនីមួយៗ ដោយយកអគារសាលារៀន មជ្ឈមណ្ឌលរដ្ឋ និងសណ្ឋាគារមួយចំនួន។

ពាក់ព័ន្ធនឹងវិធានការណ៍បិទព្រំដែនគោកព្រំដែនគោកជាមួយប្រទេសថៃ និងវៀតណាម សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាថ្វីដ្បិតតែបានបិទការចេញចូលរបស់ពលរដ្ឋទាំងសងខាង ប៉ុន្តែបានអនុញ្ញាតសម្រាប់ការដឹកជញ្ជូនទំនិញចេញចូល ក្រោមលក្ខខណ្ឌរឹតបន្តឹងតាមគោលការណ៍សុខាភិបាល។ សម្ដេចក៏បានផ្ដល់ការពន្យល់ជាថ្មីទៀតដែរថាការសំរុកវិលចូលកម្ពុជាវិញពីសំណាក់ពលរដ្ឋខ្មែរនៅប្រទេសថៃកន្លងមក គឺដោយសារអាជ្ញាធរថៃបានសម្រេចបិទការដ្ឋានការងារមួយចំនួនផង ពួកគាត់មានការភ័យខ្លាចផងក៏សម្រុកវិលមកវិញ។