ខេត្តចំនួន៦ ត្រៀមចូលរួមប្រកួត ទូកប្រពៃណីអន្ដរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង ប្រចាំភូមិភាគ បឹងទន្លេសាប និងដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

ខេត្តចំនួន៦ មានខេត្ត កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងសៀមរាបជាម្ចាស់ផ្ទះ ត្រៀមចូលរួមប្រកួត ទូកប្រពៃណីអន្ដរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង ប្រចាំភូមិភាគី បឹងទន្លេសាប និងដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០  នាថ្ងៃទី២១-២៣ ខែកុម្ភៈខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ពី កញ្ញា មាស តឿ មន្រ្តីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។

កញ្ញា មាស តឿ បន្តទៀតថា មុននឹងចាប់ផ្តើមការប្រកួត សហព័ន្ធបានវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនភូមិភាគនីមួយៗ ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធអំពីទូក ដែលសហព័ន្ធមាន និងលក្ខន្តិកៈសម្រាប់ការប្រកួតប្រជែងជើងឯកភូមិភាគបឹងទន្លេសាប ឆ្នាំ២០២០ ដែលចាប់ផ្តើមប្រកួតផ្លូវការថ្ងៃទី២១-២៣ ខែកុម្ភៈ នៅស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ មន្រ្តីសហព័ន្ធជាស្រ្តីរូបនេះ ឲ្យដឹងទៀតថា ក្រៅពីវគ្គបណ្តុះបណ្តាល សហព័ន្ធក៏បានផ្តល់ចំណេះដឹងថ្មីបន្ថែម បច្ចេកទេស បទបញ្ជាថ្មីពីសហព័ន្ធកីឡាទូកអន្តរជាតិ ដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងប្រតិភូ សម្រាប់ត្រៀមហ្វឹកហាត់ក្រុមជម្រើសជាតិ ត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

គួររម្លឹកថា មុនការប្រកួតទូកប្រពៃណីអន្ដរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង ប្រចាំភូមិភាគ បឹងទន្លេសាប និងដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ សហព័ន្ធបានប្រកួតរួច២ភូមិភាគហើយ គឺភូមិភាគវាលរាប ដោយខេត្តកណ្តាលជាជើងឯក ខេត្តព្រៃវែង ជើងឯករង និងខេត្តកំពង់ចាមលេខ៣ រីឯភូមិភាគនិរតី ខេត្តកោះកុង ជើងឯក ខេត្តកំពង់ស្ពឺលេខ២ និងលេខ៣ ខេត្តកែប ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនកីឡាទូកប្រពៃណីទូកនាគ និងទូកកានូ កាយ៉ាក់ លើកទី២ ឆ្នាំ២០២០ នៅភូមិភាគបឹងទន្លេសាប មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែកុម្ភៈ ដោយមានសិក្ខាកាមចូលរួមចំនួន១២៨នាក់ សិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់លើប្រភេទទូកប្រពៃណី ទូកនាគ និងទូកកានូ កាយ៉ាក់ ៕