ឯកឧត្តម ទៀ សីហា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណបក្សស្រុកស្រីស្នំខេត្តសៀមរាប
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

សៀមរាប៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណបក្សស្រុកស្រីស្នំខេត្តសៀមរាប ដោយមានវត្តមានឯកឧត្តម លោក លោកស្រី ក្រុមការងារគណបក្សចុះជួយស្រុកស្រីស្នំ និងបណ្តាឃុំ ក្នុងស្រុកស្រីស្នំជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។

ក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណបក្សស្រុកស្រីស្នំ ដែលបានប្រារព្ធឡើងនាពេលនេះ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ស្របតាមសភាពជាក់ស្តែងនៃការប្រែប្រួលមន្ត្រីថ្នាក់ដឹកនាំគណបក្សស្រុក ដោយផ្ទាល់ នៅស្រុកស្រីស្នំ លោកប្រធានគណបក្សស្រុកមានការផ្លាស់ប្តូរភារកិច្ចថ្មី ធ្វើឲ្យជួរគណៈអចិន្ត្រៃយ៍មានការថយចុះ ។ ដោយហេតុនេះ ការប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំគណបក្សស្រុកនាពេលនេះ បានឆ្លើយតបទៅនឹងសំណូមពរ ភារកិច្ចរបស់គណបក្សក្នុងដំណាក់កាលថ្មីនេះ ។ ជាក់ស្ដែងថ្ងៃនេះ សមាសភាពក្នុងជួរគណៈកម្មាធិការនៃគណបក្សស្រុកមានចំនួន៣៦រូប (ស្រី០៤រូប) ដែលមានតំណែងជាអនុប្រធានចំនួន០២រូប សមាជិកគណៈអចិន្ត្រៃយ៍ចំនួន១០រូប និងសមាជិកគណៈកម្មាធិការនៃគណបក្សស្រុកមានចំនួន២៤រូប (ស្រី០៤រូប) ។

ក្នុងឱកាសនេះ ឯកឧត្តម មានប្រសាសន៍បន្តថា សូមឲ្យមានការយោគយល់ អធ្យាស្រ័យ អំពីលោកប្រធានគណៈជំនាញ មួយចំនួនដែលមានវ័យចំណាស់ តែងមានជំងឺ ឈឺស្កាត់ច្រើន ដោយមិនបានឲ្យបន្តការងារតទៅទៀតឡើយ តែគណបក្សនៅរក្សាឲ្យនៅជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុកដដែល ដើម្បីជាម្លប់ក្នុងការដឹកនាំ ពិភាក្សា ផ្តល់យោបល់ និងអនុម័តក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការនៃគណបក្សស្រុកបន្តទៅទៀត ។

ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប បានមានប្រសាសន៍បញ្ជាក់ទៀតថា ដើម្បីធ្វើឲ្យសម្រេចជោគជ័យលើការងារដឹកនាំរបស់គណបក្ស តាមបណ្តាថ្នាក់នីមួយៗ ថ្នាក់ដឹកនាំគណបក្សត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ និងការអនុវត្តតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបធ្វើការងារ របស់អង្គការចាត់តាំងគណបក្ស លើកកម្ពស់ ស្មារតីស្នេហាជាតិ ពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ រក្សាការសម្ងាត់របស់បក្ស ។