ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់វៀតណាមខាតបង់ប្រាក់ចំណូលប្រមាណ១០.៨លានដុល្លារក្នុងមួយសប្តាហ៍ ដោយសារតែបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានលើកឡើងនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា ក្រុមហ៊ុនខ្លួនបានខាតបង់ប្រាក់ចំណូលប្រមាណ២៥០ពាន់លានដុង ឬស្មើនឹង១០.៨លានដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ដោយសារតែការទប់ស្កាត់ការធ្វើដំណើរដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩  ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់វៀតណាមួយនេះបានបញ្ជាក់ថា ខ្លួនកំពុងកាត់បន្ថយប្រតិបត្តិការ និង ព្យាយាមកាត់បន្ថយការចំណាយបណ្តាលមកពីវីរុសកូរ៉ូណាថ្មី និងសម្រេចអោយបានលទ្ធផលហិរញ្ញវត្ថុវិជ្ជមានសម្រាប់ឆ្នាំ២០២០នេះ ។

ការប្រកាសពីការខាតបង់ប្រាក់ចំណូលរបស់ Vietnam Airlines ខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមមួយនេះ បានផ្អាកការហោះហើរទាំងអស់ទាំងទៅ និងមកពីប្រទេសចិនដីគោក ចាប់តាំងពីចុងខែមករា ដើមឆ្នាំ ដោយប៉ះពាល់ដោយផ្ទាល់ដល់ភ្ញៀវទេសចរចំនួន៧០.០០០នាក់ក្នុងមួយខែរវាងប្រទេសទាំង២ ៕ធ.ដ


អត្ថបទទាក់ទង