ឯកឧត្តម ស សុខា ប្តេជ្ញាលុបបំបាត់សហព័ន្ធកីឡាដែលមានមន្ត្រីដើរតួជាចោរផង និងជាប៉ូលិសផង
ថ្ងៃ សុក្រ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បាននិយាយ ប្តេជ្ញា ចិត្តថា ចាប់ពីឆ្នាំ២០២០នេះតទៅមិនអនុញ្ញាតឲ្យសហព័ន្ធមួយ ដែលមានមន្ត្រីដើរតួ ជាចោរ ផង និងជាប៉ូលិសផងនោះទេ។
ឯកឧត្តម ស សុខា ពន្យល់ថា ពាក្យមន្ត្រីដើរតួជាចោរផង និងជាប៉ូលិសផងនៅពេលនេះ គឺចង់សំដៅដល់មន្ត្រីសហព័ន្ធ ដែលបានទម្លាក់ខ្លួនពីប្រធានសហព័ន្ធ ឬអគ្គលេខាធិការមកធ្វើជាគ្រូបង្វឹកពេលចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ ។

ដោយឯកឧត្តម ចាត់ទុកបញ្ហានេះ ជាកត្តានាំឲ្យសហព័ន្ធឈានទៅរកការដួលរលំ និងគ្មានភាពរីកចម្រើន។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងក្រោយមានមន្ត្រីសហព័ន្ធមួយចំនួនបានទម្លាក់ខ្លួនពីប្រធានសហព័ន្ធ ឬអគ្គលេខាធិការ មកធ្វើជាគ្រូបង្វឹកពេលចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈប្រាក់រង្វាន់ពីការឈ្នះមេដាយ លើឆាកអន្តរជាតិ។

គួររំលឹកផងដែរថា ការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា យ៉ាងដូច្នេះក្នុងសន្និសិទសារព័ត៌មាន កាលពីពេលកន្លងទៅថ្មីៗ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយនិងកីឡាឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០១៩-២០២០៕ធ.ដ


អត្ថបទទាក់ទង