អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន
ថ្ងៃ សុក្រ ទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២០

ចិន៖ ការស្នើសុំការអនុញ្ញាតធ្វើតេស្ដព្យាបាល ដោយប្រើប្រាស់ថ្នាំប្រឆាំងវីរុស ឈ្មោះ រ៉េមដឺស៊ីវើ ត្រូវបានអនុម័តហើយ ខណៈក្រុមមនុស្សដំបូងមានជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ត្រូវបានគេបញ្ជាក់ថា ចាប់ផ្ដើមទទួលបានការព្យាបាលជាមួយថ្នាំប្រភេទនេះកាលពីថ្ងៃទី០៦ ខែកុម្ភៈ ។

រ៉េមដឺស៊ីវើ គឺជាថ្នាំប្រឆាំងនឹងវីរុស ដែលផលិតដោយក្រុមហ៊ុនថ្នាំពេទ្យអាមេរិក ជីលីដសាយអិន ហើយថ្នាំប្រភេទនេះធ្លាប់បានបង្ហាញលទ្ធផលល្អ ក្នុងការធ្វើតេស្ដព្យាបាលប្រឆាំងវីរុស សា និង មើស ដែលស្ថិតក្នុងចង្កោមគ្រួសារកូរ៉ូណាវីរុស ។ ការអនុម័តខាងលើត្រូវបានធ្វើឡើងរួមគ្នាដោយក្រសួងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាចិន (MOST) គណៈកម្មាការជាតិសុខាភិបាល និង រដ្ឋបាលជាតិផលិតផលថ្នាំពេទ្យ ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យ ជីយីនតាន់ វូហាន ស្ថិតនៅខេត្តហ៊ូប៉ី ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ អ្នកជំងឺវីរុសកូរ៉ូណាសរុប៧៦១នាក់បានចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំរ៉េមដឺស៊ីវើ ប៉ុន្តែលទ្ធផលយ៉ាងណាមិនទាន់មានការបង្ហាញនៅឡើយទេ ៕ធ.ដ


អត្ថបទទាក់ទង