វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ
ថ្ងៃ អង្គារ ទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២០

ចិន៖ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី (2019-nCoV) បានបន្តកើនឡើងដល់៤២៦នាក់ហើយ ស្របពេលដែលអ្នកជំងឺសរុបប្រមាណ៦៣២នាក់នៅទូទាំងប្រទេសចិនបានជាសះស្បើយ និង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។

នៅថ្ងៃទី០៣ ខែកុម្ភៈនេះ អ្នកជំងឺសរុប១៥៧នាក់បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន ក្នុងនោះមានចំនួនរហូតដល់១០១នាក់ជាប្រជាជននៅខេត្តហ៊ីប៉ី ដែលកន្លែងវីរុសកូរ៉ូណាថ្មីផ្ទុះឡើងដំបូងបំផុត ។

ក្រៅពីមនុស្សជាសះស្បើយនោះ គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ថា មានមនុស្សប្រមាណ៤២៦នាក់ហើយបានបាត់បង់ជីវិត និងប្រមាណ២០.៤៧១នាក់ផ្សេងទៀតឆ្លងមេរោគនៅក្នុងខេត្ត និង តំបន់ស្វយ័តសរុបចំនួន៣១របស់ប្រទេសចិន ៕ធ.ដ


អត្ថបទទាក់ទង