ប្រធានាធិបតីអ៊ុយក្រែនច្រានចោលសំណើសុំចុះចេញពីតំណែងរបស់នាយករដ្ឋមន្រ្តី និងផ្តល់ឱកាសជាលើកទី២ដើម្បីកែប្រែកំហុស
ថ្ងៃ សៅរ៏ ទី ១៨ ខែ មករា ឆ្នាំ ២០២០

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ បានបញ្ជាក់នៅថ្ងៃទី១៧ ខែមករានេះថា រូបលោកចង់ផ្តល់ឱកាសជាលើកទី២ដល់លោកនា យករដ្ឋមន្រ្តី អូឡេកស៊ី ហុនឆារ៉ាក់ ដូច្នេះលោកសូមបដិសេធពាក្យស្នើសុំលាលែងចេញពីតំណែងរបស់លោក ហុនឆារ៉ាក់ បន្ទាប់ពីមានការបែកធ្លាយសារសំឡេងរិះគន់ប្រធានាធិបតី ។

លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ បានថ្លែងអះអាងនៅក្នុងកិច្ចប្រជុំមួយថា លោកបានសម្រេចចិត្តផ្តល់ឱកាសមួយឲ្យលោកនាយករដ្ឋមន្ត្រី ប៉ុន្តែវាអាស្រ័យលើសមត្ថភាពរបស់លោក ក្នុងការដោះស្រាយបញ្ហាចំពោះសារព័ត៌មានទាំងឡាយ ។ ការប្រកាសលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីអ៊ុយក្រែន ត្រូវបានធ្វើឡើង ក្រោយមានការបែកធ្លាយខ្សែអាត់សំឡេង កំឡុងកិច្ចប្រជុំមួយរវាងលោក ហុនឆារ៉ាក់ ជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងក្រុមអ្នកតំណាងមកពីធនាគារជាតិអ៊ុយក្រែន ។

ក្នុងខ្សែអាត់សំឡេងនោះ គេលឺលោក ហុនឆារ៉ាក់ ថ្លែងពាក្យមួយចំនួនដោយចាត់ទុកលោកប្រធានាធិបតីអ៊ុយក្រែន ជាបុគ្គលពុំសូវមានការយល់ដឹងអំពីសេដ្ឋកិច្ចប៉ុន្មានឡើយ ហើយលោកបានទាមទារឲ្យមានការរៀបចំដើម្បីផ្តល់ការបកស្រាយឲ្យបានក្បោះក្បាយសម្រាប់លោក ហ្សេឡិនស្កាយ ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ននៃរូបិយប័ណ្ណរបស់អ៊ុយក្រែន ៕ធ.ដ


អត្ថបទទាក់ទង