ក្រុមហ៊ុន SpaceX គ្រោងនាំយកមនុស្សដំបូងទៅកាន់ភពអង្គារនៅកំឡុងទសវត្សរ៍ឆ្នាំ២០២០នេះ
ថ្ងៃ សៅរ៏ ទី ១៨ ខែ មករា ឆ្នាំ ២០២០

សហរដ្ឋអាមេរិក៖ នាយកក្រុមហ៊ុន SpaceX លោក Elon Musk បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើថា ក្រុមហ៊ុនអវកាសលោកចង់បញ្ជូនមនុស្សឲ្យទៅរស់នៅភពអង្គាររហូតដល់១លាននាក់នៅឆ្នាំ២០៥០ខាងមុខនេះ និងថា ការនាំមនុស្សដំបូងៗទៅភពអង្គារ ទំនងជាត្រូវធ្វើឡើងកំឡុងទសវត្សរ៍ឆ្នាំ២០២០នេះ ។

នាយកក្រុមហ៊ុនអវកាសអាមេរិករូបនេះបានគូសបញ្ជាក់ថា នាវាអវកាស Starship ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្តសាកល្បងនៅឡើយនោះ នឹងត្រូវផលិតរហូតដល់ទៅ១.០០០គ្រឿង ហើយលោកថែមទាំងបានបង្ហាញគោលដៅ ចង់បាញ់ Starship រហូតដល់ទៅ៣គ្រឿងក្នុងមួយថ្ងៃ ដើម្បីបញ្ជូនមនុស្សទៅធ្វើដំណើរកម្សាន្តនៅភពអង្គារ ។

យ៉ាងណាមិញ លោក Elon Musk ហាក់មិនទាន់បង្ហើបអំពីគ្រាប់រ៉ុក្កែតណាមួយ ដែលអាចរុញច្រាន Starship ក្នុងរយៈចម្ងាយរាប់លានគីឡូម៉ែត្រពីផែនដីនៅឡើយទេ ប៉ុន្តែចំណីអាហារ ទឹក គ្រឿងបរិក្ខាសំណង់ ឧបករណ៍ប្រើប្រាស់ និង ប្រព័ន្ធទ្រទ្រង់ជីវិតមនុស្សត្រូវបានធានាជូនជាស្រេច សម្រាប់មនុស្សនៅលើនាវាអវកាស ។

សូមបញ្ជាក់ផងដែរថា ដើម្បីអាចឲ្យមនុស្សកសាងទីស្នាក់នៅអចិន្ត្រៃយ៍លើភពអង្គារបាន ក្រុមហ៊ុនអវកាស SpaceX ត្រូវការបញ្ជូននាវាអវកាស Starship ឲ្យគ្រប់ចំនួនដែលបានកំណត់ក្នុងគំរោង នោះគឺនាវា១.០០០គ្រឿង ដើម្បីដឹកទំនិញទម្ងន់១០០មេហ្គាតោន និងមនុស្ស១០ម៉ឺននាក់ ៕ធ.ដ