សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បង្កើតចំណេះដឹងដល់មន្រ្តីបច្ចេកទេស និងគ្រូឧទ្ទេស ដើម្បី កាត់បន្ថយអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា
ថ្ងៃ សៅរ៏ ទី ១៨ ខែ មករា ឆ្នាំ ២០២០

សិក្ខាកាមដែលជាមន្រ្តីបច្ចេកទេស និងគ្រូឧទ្ទេស របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ចំនួន២៥នាក់ ទទួលបានការបណ្តុះបណ្តាលចំណេះដឹង ស្តីពីវគ្គអាជ្ញាកណ្តាលកម្រិតមូលដ្ឋាន ដើម្បី បង្កើតសមត្ថភាពឈានទៅចាប់យកជំនាញអាជ្ញាកណ្តាលអន្តរជាតិនៅពេលខាងមុខ ។

លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋាននេះ គឺមានរយៈ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ និងបញ្ចប់នៅថ្ងៃទី២២ ខែមករា ហើយវគ្គនេះ បង្រៀនដោយគ្រូឧទ្ទេស លោក ស៊ុន រតនា មានជំនាញជាអាជ្ញាកណ្តាលអន្តរជាតិមានបទពិសោធន៍កាត់សេចក្តី ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិជាច្រើនមកហើយ ។

អគ្គលេខាធិការរូបនេះ អះអាងទៀតថា វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋាននេះ សហព័ន្ធរៀបចំឡើង មានគោលដៅជម្រុញអភិវឌ្ឍសមត្ថភាពមន្រ្តីបច្ចេកទេស និងគ្រូឧទ្ទេសឲ្យទទួលបានចំណេះដឹងជំនាញពិតប្រាកដពាក់ព័ន្ធនិងការកាត់សេចក្តី ។

លោក បន្តទៀតថា ការផ្តល់ចំណេះដឹងដល់មន្រ្តីនាពេលនេះ វាចាំបាច់បំផុតសម្រាប់ពួកគេ ព្រោះថាបើពួកគេយល់ដឹងពីកម្រិតមូលដ្ឋានច្បាស់លាស់ នឹងអាចឈានទៅចាប់យកអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ដើម្បីជួយដល់សហព័ន្ធ ក្នុងការរៀបចំព្រឹត្តការណ៍ធំៗ ដូជជា ជើងឯកអាស៊ី ដែលគ្រោងធ្វើនៅឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីកាត់បន្ថយការនាំយកអាជ្ញាកណ្តាមកពីអន្តរជាតិ ជៀសវាងខ្ជះខ្ជាយថវិកាជាតិ ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតមូលដ្ឋាន មានរយៈពេល៦ថ្ងៃ ដោយសិក្សាលើ៥មុខវិជ្ជា ដូចជាការអនុវត្តផ្ទាល់ និងសិក្សាពីទ្រឹសស្តី និងមានសិក្ខាកាមចូលរួមចំនួន២៥នាក់ ក្នុងនោះមាននារី២នាក់ ៕ធ.ដ