ព័ត៌មានទាន់ហេតុការណ៍
 1. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  2. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  3. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  4. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៨លាននាក់ ក្នុងនោះស្លាប់ជាង៦៩ម៉ឺននាក់ និងជាសះស្បើយជាង១១.៤លាននាក់

កម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ និងពីប្រទេសដទៃ
ថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០២០

(ប្រ៊ុយណេ)៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ឆ្លៀតឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២០ នៅប្រទេសប្រ៊ុយណេ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម គិកែវ ខាយ ខាំភិធូន (Kikeo Khaykhamphithoune) រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដោយបានពិភាក្សាជំរុញការងារបន្ថែមទៀតស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ រួមមាន៖

១៖ ជំរុញទេសចរណ៍បើកបរខ្លួនឯង (Self-driving Tour) រវាងប្រទេសទាំងពីរ ដោយធ្វើការសម្រួលបែបបទផ្សេងៗ ឲ្យមានភាពងាយស្រួលដល់អ្នកដំណើរនៅពេលបើកបរឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។
២៖ ពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរត្រង់ពីប្រទេសឡាវមកតំបន់ឆ្នេរសមុទ្រកម្ពុជា។
៣៖ ចែករំលែកបទពិសោធន៍ និងអភិវឌ្ឍន៍រួមគ្នាលើសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងក្របខណ្ឌនៃតំបន់តី្រកោណអភិវឌ្ឍន៍។
៤៖ ជំរុញឲ្យកាន់តែខ្លាំងឡើងថែមទៀតនៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអនុតំបន់នានា ដូចជា៖ កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការ ACMECS កិច្ចសហប្រតិបត្តិការ CLMV កិច្ចសហប្រតិបត្តិការ CLV។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមកក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពជាបងប្អូន ដែលធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកពីអតីតកាល។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញឲ្យមានការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ហើយភាគីឡាវបានទទួលយកការអញ្ជើញរបស់ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា មកទស្សនកិច្ចនៅកម្ពុជានាពិធីបុណ្យសមុទ្រលើកទី៩ ចុងឆ្នាំ២០២០ នៅកម្ពុជា។

សូមរំលឹកថា តាមស្ថិតិជាបឋម ឆ្នាំ២០១៩ កម្ពុជាបានទទួលស្វាគមន៍ទេសចរបរទេសសរុបប្រមាណ ៦.៧លាននាក់ កើនឡើងប្រមាណ ៨% ក្នុងនោះរយៈពេល ១០ខែ ទេសចរឡាវមានចំនួន ២៦៤,២៤៣នាក់ ឈរនៅលំដាប់ទី៤ នៃទីផ្សារធំៗ ទាំង១០៕

 

 

 


អត្ថបទទាក់ទង