ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅកម្ពុជា ឆ្នាំ២០២០ ជិតមកដល់ហើយ!
ថ្ងៃ អង្គារ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

ភ្នំពេញ៖ កម្ពុជាបានទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ដោយត្រូវប្រណាំងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ហើយក៏កំពុងខិតខំសហការយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំព្រឹត្តិការណ៍ពិភពលោកនេះផងដែរ។

ដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយភាពរលូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមការងារជំនាញចុងក្រោយ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ នឹងចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍នៃតំបន់ឆ្នេរកម្ពុជា និងរួមចំណែកផលិតធនធានមនុស្សសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទៀតផង។

ក្រសួងទេសចរណ៍កំពុងសហការជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកម្ពុជា ដើម្បីទទួលបានសញ្ញាបត្រទទួលស្គាល់ដោយ UCI ដែលវគ្គនេះរៀនទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ហើយការអនុវត្តនឹងយកព្រឹត្តិការណ៍នេះជាពេលវេលាសម្រាប់អនុវត្ដ។
លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា ក្រៅពីការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់តំបន់ឆ្នេរកម្ពុជា ក្រៅពីការលើកស្ទួយវិស័យកីឡាទោចក្រយានកម្ពុជា ក៏បានជួយបំប៉នសមត្ថភាពកីឡាករជាតិកាន់តែច្រើនផងដែរ ធនធានមនុស្សក្នុងផ្នែកជំនាញ ធនធានមនុស្សក្នុងផ្នែកទទួលបដិសណ្ឋារកិច្ច និងការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក ដែលនឹងទទួលបានពីការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកលើកដំបូងនេះ។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់រដ្ឋបាលខេត្ត ស្រុក ក្រុងពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការជំរុញ និងរៀបចំកិច្ចការងារនេះឱ្យបានល្អ ដើម្បីបង្ហាញជូនភ្ញៀវទេសចរ ក្រុមកីឡាករជាតិ-អន្តរជាតិ ពីការទទួលបដិសណ្ឋារកិច្ចចំពោះពួកគេ និងផ្សព្វផ្សាយពីមុខមាត់ប្រទេសជាតិផងដែរ។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា មកដល់ពេលនេះមានក្រុមកីឡាករចុះឈ្មោះចូលរួមប្រមាណ ២០ក្រុមហើយ ក្នុងនោះក្រុមកីឡាករកម្ពុជាមានចំនួន ២ក្រុម ហើយមានក្រុមកីឡាករបរទេសមកពី១៦ប្រទេសចូលរួមផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលធ្វើឡើងនាដើមឆ្នាំ២០២០ នឹងបែងចែកជា៣ដំណាក់កាល ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរ ឆ្ពោះទៅទីរួមខេត្តកោះកុង, ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថង ឆ្ពោះទៅភ្នំបូកគោ ដោយឆ្លងកាត់ស្រុកព្រៃនប់ និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោក ឆ្ពោះទៅខេត្តកែប៕ធ.ដ