ការប្រកួតកីឡាវាយសី មិត្តភាពខ្លាចាស់លើកទី១ ឆ្នាំ២០១៩ បញ្ចប់ដោយភាពជោគជ័យ
ថ្ងៃ សៅរ៏ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៩

ការប្រកួតកីឡាវាយសី មិត្តភាពខ្លាចាស់ លើកទី១ ឆ្នាំ២០១៩ ដែលរៀបចំដោយសមាគមន៍កីឡាវាយសីពហុកីឡដ្ឋានជាតិ បានបញ្ចប់ដោយបរិយាកាសសប្បាយរីករាយ នាល្ងាចថ្ងៃសុក្រ ទី២៧ ខែធ្នូម្សិលមិញនេះ នៅលើទីលានវាយក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមចំនួន ២២ក្រុម ប្រកួតតាមរូបមន្តជម្រុះក្នុងពូល ។

ដែលពិធីបិទការប្រកួតមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា រួមនឹងសមាជិកសមាជិការ កីឡាករ កីឡាការិនី របស់សមាគមវាយសីពហុកីឡដ្ឋានជាតិ ជាច្រើនរូបទៀតផងដែរ ។

លោក ឧត្តមសេនីយ៍ទោ ជាម សុភា បានបញ្ជាក់ឲ្យដឹងថា ការបង្កើតអោយមានការប្រកួតកីឡាវាយសី មិត្តភាពខ្លាចាស់លើកទី១ ឆ្នាំ២០១៩ នេះឡើងក្នុ្ងគោលបំណង ក្នុងការផ្សព្វផ្សាយគៀងគរកីឡាករវ័យចាស់ ដែលស្រឡាញ់វិស័យកីឡាវាយសី និងរិតចំណងមិត្តភាព សាមគ្គីភាព ជាពិសេសដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្លងឆ្នាំ២០១៩  ដែលឈានចូលឆ្នាំ២០២០ខាងមុខ ។

អគ្គលេខាធិការរង ក៏សង្ឃឹមជឿជាក់ថា តាមរយៈព្រឹត្តិការណ៍ប្រកួតនេះ នឹងអាចបំផុស ដល់យុវជន អោយងាកមកមើលចាស់ៗជាគំរូ ចូលរួមលេងកីឡាទាំងអស់គ្នាចៀសឆ្ងាយពីគ្រឿងញៀន ។ លោក អគ្គលេខាធិការរង រូបនេះបានឲ្យដឹងទៀតថា សមាគម មានគំរោង នឹងរៀបចំអោយមានការប្រកួតមិត្តភាពខ្លាចាស់ នេះក្នុង១ឆ្នាំ២ដង ប៉ុន្តែលោកមិនទាន់ហានអះអាង នោះទេដោយលោកសន្យាថា ទោះជាយ៉ាងណាលោក នឹងរួមសហការគ្នាបង្កើតព្រឹត្តិការណ៍បែប អោយធំជាងនេះ យ៉ាងហោចណាស់ក៏បានក្នុង១ឆ្នាំម្តងដែរ ។

លោក ឧត្តមសេនីយ៍ទោ ជាម សុភា លើកឡើងថា ការលេងកីឡាវាយសីនេះ មិនត្រឹមតែនាំមកនូវ សុខភាពប៉ុណ្ណោះទេ តែក៏ជាការប្រកួតប្រជែងដណ្តើមពានរង្វាន់ផងដែរ ។ សូមបញ្ជាក់ថា នេះជាលើកទី១ ហើយដែលសមាគមន៍កីឡាវាយសីពហុកីឡដ្ឋានជាតិ បានរៀបចំអោយមានព្រឹត្តិការណ៍ប្រកួតនេះឡើង ដែលមាន ២២ក្រុមចូលរួម ធ្វើការចាប់ឆ្នោះតតាមពូលប្រកួតតាមរូបមន្តជម្រុះ ដោយជើងឯកការប្រកួតលើកទី១នេះបានទៅលើក្រុមលេខ៣០ មានកីឡាករ ប៊ុន សារ៉ាឌី និងកីឡាករ ទេព មនិទ្ទ បានយកឈ្នះក្រុមលេខ៤ ជើងឯករងមាន កីឡាករ រស់ អ៊ិនសុផល និងកីឡាករ កែវ ស៊ុង  នៅវគ្គផ្តាច់ព្រ័ត្តក្នុងលទ្ធផល សិតទី១ ២១ទល់៨ សិតទី២ ២១ទល់១៣ ៕ធ.ដ