ព័ត៌មានទាន់ហេតុការណ៍
 1. សេចក្តីជូនដំណឹងស្តីពីការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ប្រធានបទ៖ « សម្រស់ស្រុកយើង »  2. រដ្ឋបាលខេត្តសៀមរាបទុករយៈពេល១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខែ្ស  3. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការ រីករាលដាលជំងឺកូវីដ-១៩  4. ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ  5. សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ថ្ងៃ សុក្រ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩

នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤:១៥ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ជឿង ហ័រប៊ិញ (Truong Hoa Binh) ឧបនាយករដ្ឋមន្រ្តីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជា-ណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ពិតជាបានរួមចំណែកនូវការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។
    នៅក្នុងឱកាសនោះ ឯកឧត្តម ជឿង ហ័រប៊ិញ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី ជំនួបរវាង ឯកឧត្តម និងសម្តេចនាយករដ្ឋមន្រ្តី ព្រមទាំងជំនួបជាមួយនឹងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ឃួន សុដារី ប្រធានស្តីទីរដ្ឋសភា។ ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការមជ្ឈិមបក្ស និងលោកជំទាវប្រធានរដ្ឋវៀតណាម ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការផ្តាំផ្ញើសួរសុខទុក្ខពីលោកជំទាវប្រធានរដ្ឋសភាវៀតណាម ជូនចំពោះនោះសម្តេចវិបុលសេភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសូមអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម នាពេលវេលាសមស្រមណាមួយ។
     ឯកឧត្តម ជឿង ហ័រប៊ិញ  បានបញ្ជក់ថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស វៀតណាម និងប្រទេសកម្ពុជា គឺជាចំណងមិត្តភាពមិនអាចកាត់ផ្តាច់ពីគ្នាបាន នឹងត្រូវបានពូនជ្រុំគ្រប់ជំនាន់  ជាពិសេស ប្រទេសទាំងពីរ ធ្លាប់បានកៀកស្មាគ្នាតស៊ូប្រឆាំងពួកអាណានិគមនិយម ពួកចក្រពត្តិនិយម និងពួកប្រល័យពូជសាសន៍ដើម្បីឯករាជ្យជាតិរៀងៗខ្លួន។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងប្រកៀកស្មាគ្នាក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយចំណងទាក់ទងជាប្រពៃណីដ៏ល្អប្រសើរ នេះ ត្រូវបានចាត់ទុកជាមរតកដ៏មានតម្លៃបំផុតសម្រាប់ជំនាន់ក្រោយៗទៀត។
ឯកឧត្តម ជឿង ហ័រប៊ិញ បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការអភិវឌ្ឍឥតឈប់ឈរគួរជាទីមោទន។ ក្នុងនោះ ឯកឧត្តមបានអបអរសាទរចំពោះប្រទេសកម្ពុជា មានការអភិវឌ្ឍ និងមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកំណើនសេដ្ឋកិច្ចក្នុងរង្វង់អត្រា ៧,៥% ក្នុងមួយឆ្នាំ។
ឯកឧត្តម ជឿង ហ័រប៊ិញ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី សភាពការណ៍ និងការអភិវឌ្ឍរបស់ ប្រទេសវៀតណាម ក្នុងនោះ សេដ្ឋកិច្ចប្រទេសវៀតណាម មានការកើនឡើងប្រមាណ ៧% ហើយអតិផរណាមាន ប្រមាណ ២,៥% ក្នុងមួយឆ្នាំ។ ចំពោះពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា អាចឈានទៅដល់តាមការកំណត់ ០៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១៩នេះ។ ក្នុងវិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរបានយកចិត្តទុកដាក់ ជាពិសេសនៅតំបន់តាមព្រំដែន ដែលមិនគ្រាន់តែនាំមកនូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងកសាង តំបន់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
ឯកឧត្តម ជឿង ហ័រប៊ិញ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យ សន្តិសុខ ការពារជាតិ ប្រឆាំងអំពើពុករលួយ ការជួញដូរគ្រឿងញៀន ការកែលម្អខាងកិច្ចការរដ្ឋបាល និងច្បាប់ ប្រកបដោយភាពទំនើបកម្ម ដើម្បីកសាងប្រទេសទៅជានីតិរដ្ឋ។ នៅឆ្នាំ២០២០ខាងមុខនេះ ប្រទេសវៀតណាមនឹងធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ។ ក្នុងន័យនេះ ឯកឧត្តម បានស្នើសុំឱ្យប្រទេសកម្ពុជា គាំទ្រ និងសហការគ្នាធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមាន ការរីកចម្រើនខ្លាំងឡើងថែមទៀត។
ឯកឧត្តម ជឿង ហ័រប៊ិញ បានបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងគ្នា ដើម្បីធ្វើយ៉ាងណា សហការជាមួយនឹងគ្នាឱ្យបានល្អប្រសើរឡើងថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
សម្តេចសម្តេចវិបុលសេភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជឿង ហ័រប៊ិញ ដែលថ្លែងសរសើរអំពី ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និង ប្រទេសទាំងពីរ  ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងនាមព្រឹទ្ធសភា និងខ្លួនសសម្តេចផ្ទាល់ សម្តេចបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញនូវទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិ- បត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរ។
សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា រាជធានី និងខេត្តចំនួន១៩ នៃប្រទេសកម្ពុជា បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរាជធានី និងខេត្តចំនួន២៤ នៃប្រទេសវៀតណាម ហើយក្នុងនោះ ការចងសម្ព័ន្ធមេត្រីភាពនៅតាមព្រំដែនបានបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម ការធ្វើទេសចរណ៍ និងការទៅពិនិត្យ និងព្យាបាលជំងឺ។ សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពជាមួយនឹងប្រសាសន៍របស់ឯកឧត្តម ជឿង ហ័រប៊ិញ គឺការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅឆ្នាំ២០១៨ សម្រេចបាន ៤,៧ ប៊ីលានដុល្លារអាមេរិក ហើយនៅឆ្នាំ២០១៩ អាចកើនឡើងជាង ០៥ ប៊ីលានដុល្លារអាមេរិក។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា សូមអបអរសាទរចំពោះរដ្ឋាភិបាល នៃប្រទេសទំាងពីរ ដែលបានបង្គោលព្រំដែនគោក និងបង្គោលខណ្ឌសីមា សម្រេចបានប្រមាណ ៨៤%។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាទទួលស្គាល់ ហើយប្រទេសកម្ពុជាបានបន្តនីតិវិធីស្របតាមរដ្ឋធម្មនុញ្ញ ហើយព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា ក៏បានឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរួចហើយផងដែរ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដើម្បីបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា ឱ្យបានឆាប់បំផុតតាមអ្វីដែលអាចធ្វើបាន ក្នុងគោលបំណងកសាងខ្សែព្រំដែនគោករវាងប្រទេសទាំងពីរឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដើម្បីទុកជាមរតកសម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយតរៀងទៅ។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែអំណរគុណចំពោះលោកជំទាវប្រធានរដ្ឋសភាវៀតណាម ដែលបានផ្តំាផ្ញើ សួរសុខទុក្ខសម្តេច និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ព្រឹទ្ធសភាកម្ពុជា។ សម្តេចក៏បានជម្រាបជូនឯកឧត្តម ជឿង ហ័រប៊ិញ ថា ព្រឹទ្ធសភាកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងរដ្ឋសភាវៀតណាម ទាំងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងដឹងគុណជានិច្ច       ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជា-ជនកម្ពុជា ក្នុងគ្រប់ដំណាក់កាល។ ប្រទេសកម្ពុជាប្តេជ្ញាបន្តពង្រឹង ពង្រីក មិត្តភាព សាមគ្គី និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងខ្លាំងខ្លាថែមទៀត តាមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី និងសហប្រតិបត្តការលើគ្រប់វិស័យ និងយូរអង្វែង។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រចបាននាពេលកន្លងមក ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុនីស្តវៀតណាម និងសូមប្រសិទ្ធពរបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បន្តដឹកនាំសម្រេចបានជ័យជម្នះ ក្នុងបុព្វហេតុផ្លាសប្តូរថ្មី និងកសាងប្រទេសវៀតណាម ជាប្រទេសឧស្សាហកម្មជឿនលឿន ស្របតាមទិសដៅដែលមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម បានកំណត់។
សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តម និងគណៈប្រតិភូ ស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អ បរិបូរណ៍ និងទទួលបានជ័យជម្នះ៕

 

 


អត្ថបទទាក់ទង