ជំនួយមនុស្សធម៌របស់ជប៉ុន តាមរយៈក្រុមហ៊ុនកូម៉ាតស៊ុ (KOMATSU) បាននាំយកគ្រឿងចក្រ ៣ប្រភេទ ដើម្បីជួយឈូសឆាយ កៀពង្រាបដីស្រែប្រជាកសិករក្រីក្រ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមិនយកកម្រៃ នៅឆ្នាំ២០២០ ខាងមុខនេះ (មានវីដេអូ)
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

 គម្រោងជំនួយមនុស្សធម៌១០០% របស់ក្រុមហ៊ុន កូម៉ាតស៊ុ (KOMATSU) តាមរយៈជេម៉ាស់(JMAS)នៃប្រទេសជប៉ុន។ ក្រុមហ៊ុននេះនឹងនាំយក នូវគ្រឿងចក្រ ៣ប្រភេទមកពីជប៉ុនដើម្បីសាកល្បងជាលើកដំបូង ក្នុងការជួយឈូសឆាយ ពង្រាប
កៀរដីស្រែរបស់ប្រជាកសិករ ក្នុងខេត្តបាត់ដំបង ដោយមិនយកកម្រៃ ហើយគម្រោងនេះ នឹងត្រូវអនុវត្តន៍នៅក្នុងអំឡុងខែមេសាឆ្នាំ២០២០ខាងមុខ ដោយកំណត់យកស្រុកឯកភ្នំ ជាជំហ៊ានដំបូងក្នុងការសាកល្បងនឹងប្រើប្រាស់នូវគ្រឿងចក្រទំនើបក្នុងវិស័យកសិកម្មជួយដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពក្នុងការកែប្រែ និងពង្រាបកៀដីកសិកម្មនូវក្នុងការដាំដុះដំណាំស្រូវ និងចម្ការរបស់ខ្លួន ដើម្បីទាញយកនូវទិន្នផលខ្ពស់។

    គម្រោងដែលបានគូសបញ្ជាក់ខាងលើនេះ គឺធ្វើឡើងក្នុងកិច្ចជំនួបមួយរវាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក NAGIRA Atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនKOMATSU Co.Ltd. ជប៉ុន និងលោក SHIMOZONO No
buyoshi ទីប្រឹក្សានៃគម្រោងបច្ចេកទេស អង្គការJMASជប៉ុន ដោយមានការចូលរួមពីអាជ្ញាធរស្រុកនិងមន្ទីរពាក់ព័ន្ធ នៅវេលាព្រឹក ថ្ងៃទី០៣ ខែធ្នូ២០១៩នេះ។

  លោក NAGIRA Atsushi ជាអ្នកគ្រប់គ្រងទូទៅ របស់ ក្រុមហ៊ុន KOMATSU Co.Ltd., បានលើកឡើងថា: គ្រឿងចក្រដែលត្រូវនាំចូលដើម្បីជួយឈូសឆាយដីស្រែរបស់កសិករនេះ គឺមានដូចជា៖ ប្រភេទវាស់ដី រុញដីកៀពង្រាប និង កាយដី ដែលវាមានសមត្ថភាពក្នុងការជួយធ្វើឲ្យកសិករទទួលបាននូវគម្រោងនេះ អាចធ្វើស្រែក្នុងមួយហិកតា ជាមធ្យមជាង៣តោន ទៅជាង៥តោន ។

    លោកក៏បានបន្ថែមទៀតថាគ្រឿងចក្រទាំង៣ប្រភេទនេះនឹងត្រូវនាំចេញពីប្រទេសជប៉ុននៅនៅចុងខែធ្នូឆ្នាំ២០១៩ហើយ
និងមកដល់កម្ពុជាអំឡុងខែមករា២០២០ ឆាប់ៗខាងមុខនេះ។និងក្រោយពីមានការជួយសម្របសម្រួលរួចរាល់របស់រដ្ឋបាលស្រុកនិងមន្ទីរជំនាញជាមុនជាមួយនិងប្រជាកសិករដែលទទួលបាននូវគម្រោងនេះនិងពីការឯកភាពយល់ព្រមពីអាជ្ញាធរខេត្តបាត់ដំបង និង ពីតំណាងគម្រោង ក៏ដូចជាបង្រៀនបច្ចេកទេសដល់អ្នកបញ្ជាគ្រឿងចក្ររួចរាល់នោះ។គម្រោងនេះនិងចាប់ផ្តើមអនុវត្តន៍នៅអំឡុងខែមេសា ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាស្រុកសាកល្បងរបស់គម្រោងជាលើកដំបូងមុនគេនិងតាមរយៈនៃអង្គការជេម៉ាស់ជប៉ុននៅកម្ពុជា ក្នុងការដាំដុះដំណាំស្រូវនិងចម្ការ ដែលមានភូមិសាស្ត្រជាប់នឹងបឹងទន្លេសាប ។ហើយអ្វីដែលជាសំណូមពរយ៉ាងទទូច របស់លោក NAGIRA Atsushi បានស្នើដល់អាជ្ញាធរខេត្តនិងស្រុកឲ្យជួយសម្របសម្រួលពលរដ្ឋក្នុងកិច្ចការសហការល្អដើម្បីជួយឲ្យការអនុវត្តគម្រោងមួយនេះប្រព្រឹត្តទៅបានរលូននិងទទួលបានជោគជ័យ។

       ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង និងជំនួសឲ្យប្រជាពលរដ្ឋ និង ប្រជាកសិករ ដែលទទួលបាននូវគម្រោងនេះ។ ឯកឧត្តម ងួន រតនៈ ក៏បានសម្ដែងនូវការគាំទ្រ ចំពោះជំនួយមនុស្សធម៌របស់ក្រុមហ៊ុនជប៉ុន ដែលបានមកជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង តាមរយៈនៃការជួយឈូសឆាយ កៀរពង្រាបដីស្រែ របស់ប្រជាកសិករនៅទីនោះ។ ហើយក្នុងនាមរដ្ឋបាលខេត្ត នឹងខិតខំជំរុញបន្ថែម ដល់អាជ្ញាធរស្រុក ឃុំ ដើម្បីធ្វើយ៉ាងណាឲ្យជួយខិតខំនិងបង្កលក្ខណៈងាយស្រួលដល់ដៃគូអភិវឌ្ឍន៍ បានអនុវត្តការងារនៅក្នុងគម្រោងរបស់ខ្លួនឲ្យទទួលបាននូវលទ្ធផលជោគជ័យជាស្ថាពរ។

   ជាមួយគ្នានោះ លោកSHIMOZONO Nobuyoshi ទីប្រឹក្សាគម្រោងបច្ចេកទេសនៃអង្គការJMAS ជប៉ុនបានឲ្យដឹងដែរថា៖ នេះជាកាដូចុងឆ្នាំ ក្នុងថ្ងៃគ្រឹស្តម៉ាស់សម្រាប់ខេត្តបាត់ដំបង។ ហើយក្រោយពីគម្រោងក្នុងការជួយកែលម្អ ធ្វើការ ឈូសឆាយ កៀរ ពង្រាបដីឲ្យស្មើល្អ ដើម្បីជួយដល់ពលរដ្ឋ បានចាប់ផ្ដើមអនុវត្តន៍ហើយនោះ។រដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈ
ក្រុមហ៊ុន យ៉ាម៉ាហា (YAMAHA) ជប៉ុនក៏និងមានគម្រោងធ្វើការសិក្សានិងពិនិត្យលទ្ធភាពក្នុងការផ្ដល់នូវជំនួយដោយគ្រោងនិងតម្លើង នូវ ម៉ាស៊ីនចម្រោះទឹកស្អាតនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបង ក្នុងការចូលរួមលើកកម្ពស់នូវសុខុមាលភាព របស់ ប្រជាពលរដ្ឋក្នុងខេត្តនេះផងដែរ៕ ( អត្ថបទ-រូបភាព:អ៊ុក សំអាន បប.)