ឯកឧត្តម នេត្រ ភក្ត្រា៖ បញ្ហាសំណល់ប្លាស្ទិកគឺ ជាបញ្ហាប្រឈម និងជាក្តីកង្វល់រួមរបស់ពិភពលោក
ការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសំណល់ប្លាស្ទិកគឺ ជាកិច្ចការដ៏លំបាកមួយ ដែលតម្រូវឱ្យមានការចូលរួម និងខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធទាំងអស់រួមមាន អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា»។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងឱកាសជាអធិបតីបើក «វេទិកាជាតិស្តីពីសកម្មភាពទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា» សហការរៀបចំដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិករបស់ក្រសួងបរិស្ថានជាមួយកមុ្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ក្រោមគម្រោង ជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាព (ហៅកាត់ថា BESD) របស់ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានចោទសួរថាតើហេតុអ្វីបានជាយើងត្រូវខ្វល់ខ្វាយអំពីបញ្ហាប្លាស្ទិក? ពីព្រោះ ១) ប្លាស្ទិកបានបំពុលបរិស្ថានយ៉ាងខ្លំាងរួមមាន ខ្យល់ ទឹក និងដី ២) សំណល់ប្លាស្ទិកបំផ្លាញជីវៈចម្រុះទាំងក្នុងទឹក និងលើគោក ៣) សំណល់ប្លាស្ទិកបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស ៤) យើងត្រូវចំណាយថវិកាច្រើនក្នុងការសម្អាត ៥) ប្លាស្ទិកមួយចំនួនមិនងាយនឹងរលួយ និងមិនអាចកែច្នៃឡើងវិញបាននោះទេ ៦) ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាខ្លាំងនៅពេលដែល ទឹក ដី និងខ្យល់ត្រូវបានបំពុលដោយប្លាស្ទិក។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា សព្វថ្ងៃនេះ ការប្រយុទ្ធប្រឆាំងនឹងសំណល់រឹងសំរាម សំណល់ប្លាស្ទិកជាសកម្មភាពជាអាទិភាពបំផុតមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តន៍វិធានការច្បាប់ដ៏តឹងរឹងប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានជាដាច់ខាតចំពោះការនាំចូលនូវសំណល់ប្លាស្ទិក មកកែច្នៃនៅកម្ពុជាទេ ព្រោះកម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា។ ប៉ុន្តែកម្ពុជា លើកទឹកចិត្តឱ្យមានការកែច្នៃសំណល់ ប្លាស្ទិកដែលមាននៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិក។
សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក ចាប់តាំងពីការបង្កើតប្លាស្ទិកដំបូង រហូតដល់ឆ្នាំ ២០១៧ សំណល់ប្លាស្ទិកមានចំនួនប្រមាណជាជាង ៨.៣ ប៊ីលានតោន ហើយមានតែ ៩% តែប៉ុណ្ណោះនៃសំណល់ប្លាស្ទិកដែលត្រូវបានយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។ សំណល់ប្លាស្ទិក បានកើនឡើងជារៀងរាល់ឆ្នាំ នៅឆ្នាំ ២០៥០ សំណល់ប្លាស្ទិកនឹងកើនដល់ ៣៤ ប៊ីលានតោន។ នៅឆ្នាំ ២០៥០ នេះ ប្លាស្ទិកអាចមានច្រើនជាងត្រីនៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។
នៅប្រទេសកម្ពុជាវិញ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា សំណល់សំរាម ដែលបានបង្កើតឡើងនៅក្នុងមួយឆ្នាំមានប្រមាណជាង ៤ លានតោន ក្នុងនោះប្រមាណ ២០% ជាសំណល់ប្លាស្ទិក។ ខេត្តរាជធានីធំៗដែលបង្កើតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជា ៣០០០ តោនក្នុងមួយថ្ងៃដែលនៅក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។ ក្នុងមួយថ្ងៃ រាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០ លានថង់។ ចំណែកនៅក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ ៧០០ តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប មានប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាត នៅតាមផ្លូវក្នុងក្រុងសៀមរាបមាន ២០,៧% និង ៣៤% ក្នុងខេត្តព្រះសីហនុ។ យោងតាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ ថង់ នៅក្នុងមួយឆ្នាំ។ បើនិយាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស សំណល់សំរាមកើនឡើងប្រមាណ ១០% នៅក្នុងមួយឆ្នាំ។ កំណើននៃសំណល់សំរាមត្រូវបានឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានពន្យល់ថា ដោយសារតែកត្តាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូររបៀបរស់នៅ ការផ្លាស់ប្តូរេរបៀបនៃការវេចខ្ចប់ទំនិញផ្សេងៗ ពោលគឺប្រជាពលរដ្ឋបានងាកមកប្រើប្រាស់របស់របរវេចខ្ចប់ដែលងាយៗ គឺថង់ប្លាស្ទិក។
កម្ពុជាត្រូវបានចាត់ចូលជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចរង្វង់ ៧%ក្នុងមួយឆ្នាំ និងមានការអភិវឌ្ឍរីកចម្រើនលឿន បញ្ហាសំណល់សំរាមក៏បានកើនឡើងជាលំដាប់ផងដែរ។ ទិន្នន័យឆ្នាំ ២០១៨ បង្ហាញថា សំណល់រឹងដែលបានប្រមូលចាក់នៅទីលានសរុបប្រមាណ ១.៧០៩.៣៧៩តោន ធៀបនឹងឆ្នាំ ២០១៧ កើនឡើង ២០៥ .៦៥៦តោន ស្មើនឹង ១៣,៦៨%។ បញ្ហាកំណើននេះក៏មានការចូលរួមចំណែកពីការផ្លាស់ប្តូរទម្លាប់រស់នៅ ការវេចខ្ចប់អាហារ និងកង្វះការយល់ដឹងពីវិធីក្នុងការទុកដាក់ និងញែកសំណល់សំរាមនានាឱ្យបានត្រឹមត្រូវ។ បច្ចុប្បន្ននេះ សំណល់ត្រូវបានគេបោះចោល ប្រមូល និងដឹកចាក់ចោលនៅទីលានសំរាមដោយពុំបានញែក កែច្នៃ ឬប្រើប្រាស់ឡើងវិញជាពិសេសសំណល់ប្លាស្ទិក។
តាមការបញ្ជាក់របស់រដ្ឋលេខាធិការ នេត្រ ភក្ត្រា ក្រសួងបរិស្ថាន បានចាត់វិធានការបន្ទាន់មួយចំនួនដើម្បីទប់ស្កាត់ក៏ដូចជាលុបបំបាត់ការបំពុលដោយប្លាស្ទិក ក្នុងនោះមានទាំងការរៀបចំនូវផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការច្បាប់។ ក្រសួងបរិស្ថានបានផ្តួច ផ្តើមគំនិតរៀបចំយុទ្ធនាការជាច្រើន ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការកែប្រែឥរិយាបថពលរដ្ឋពាក់ព័ន្ធនឹងការវេចខ្ចប់ ការប្រើកន្ត្រកបរិស្ថាន ឬការប្រើដបទឹកបរិស្ថានជាដើម ហើយនៅតាមសាលារៀន និងគ្រឹះស្ថានសាធារណៈមួយចំនួនចាប់ផ្តើមប្រកាសថាជាកន្លែងគ្មានការប្រើប្រាស់ប្លាស្ទិក។ ក្នុងក្របខណ្ឌច្បាប់ ក្រសួងបរិស្ថាន ក៏បាននិងកំពុងតែដំណើរការរៀបចំកសាងលិខិតបទដ្ឋានថ្មីៗមួយចំនួន នៅក្នុងការទប់ស្តាត់ និងកាត់បន្ថយការប្រើប្រាស់សម្ភារប្លាស្ទិក ដូចជា បំពង់បឺតប្លាស្ទិក និងសម្ភារវេចខ្ចប់អាហារមួយចំនួន ដែលមិនចាំបាច់ ឬអាចមានរបស់ជំនួសបាន៕