"អូរ ប្រឡាយមេចំនួន៥ខ្សែ ក្នុងក្រុងព្រះសីហនុ នឹងត្រូវស្តារឡើងវិញ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង"
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

រដ្ឋបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំ ពិភាក្សាគ្នាដោះស្រាយប្រឈមរឿងជំនន់ទឹកលិចតំបន់ទំនាបក្នុងក្រុងព្រះសីហនុ ដែលតែងតែគម្រាមកំហែងលំនៅដ្ឋានប្រជាពលរដ្ឋ នៅតាមតំបន់ទំនាបនានា ជាច្រើនឆ្នាំកន្លងមក  ខណៈមានភ្លៀងធំម្តង ។ តាមស្មារតីអង្គប្រជុំបានសម្រេចធ្វើការស្តារអូរ ប្រឡាយមេទាំង ៥ខ្សែ ក្នុងក្រុងព្រះសីហនុ ឡើងវិញ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា"ទន្ទឹមនឹងមានការមមាញឹកក្នុងការស្ថាបនាផ្លូវ ប្រព័ន្ធអូរ ប្រឡាយ នៅក្នុងក្រុងព្រះសីហនុ ក៍ត្រូវធ្វើការស្តារឡើងវិញជាមួយគ្នា ដើម្បីចញ្ចៀសនូវជំនន់ទឹកភ្លៀងដែលកន្លងមកតែងកើតមានជាបន្តបន្ទាប់។
ឯកឧត្តម បានជម្រុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរដែនដី ត្រូវសហការគ្នា រៀបចំបោះបង្គោលកំណត់និយាមការទីតាំងអូរ ប្រឡាយទាំង៥ខ្សែ ដើម្បីឱ្យក្រុមការងារចុះការស្តារអូរ ប្រឡាយ មានភាពងាយស្រួល។
ជាមួយនេះក៏បានស្នើអាជ្ញាធរក្រុង ចូលរួមសហការ ចុះបាញ់ថ្នាំ និងអប់រំឱ្យប្រជាពលរដ្ឋរុះរើសំណង់ទាំងឡាយណាដែលប៉ះពាល់ការងារស្តារអូរប្រឡាយ ដើម្បីមានភាពងាយស្រួលដល់ក្រុមការងារដាក់គ្រឿងចក្រចុះកាយ។
តាមរយៈការស្តារបន្ធ័អូរប្រឡាយនាពេលនេះគេរំពឹងថាបញ្ហាជំនន់ទឹកភ្លៀងលិចក្រុងព្រះសីហនុ នឹងដោះស្រាយបានទាំងស្រុងក្នុងពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ថា បើតាមការគ្រោងទុកការស្តាអូរ ប្រឡាយមេទាំង ៥ខ្សែនេះ នឹងបើកការដ្ឋាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។ ដោយឡែកលំនៅឋានដែលសង់រំលោភអូរ ឬចំណីអូរកំពុងពិភាក្សាដោះស្រាយផងដែរ។
បើតាមលោក បុរី  វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ តាមរយៈការធ្វើបទបង្ហាញស្តីពីស្ថានភាពអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ អោយដឹងថា គម្រោងការងារស្តារអូរ ប្រឡាយទាំង ៥ខ្សែ មានប្រវែង ២៦,៥៩៧ គីឡូម៉ែត្រ ។
១.ប្រឡាយអូរឈើទាល មានអូរតូច ៥ផ្សេងទៀត ប្រវែងសរុប ១៦.៦៣០ម៉ែត្រ ។២.ប្រឡាយ អេម៉ារីយូ មានប្រវែង ១.៩០០ម៉ែត្រ ។
៣.ប្រឡាយ អូរសំអាត ប្រវែង ៣.៧៧៥ម៉ែត្រ ។
៤.ប្រឡាយស្ពានឆេះ ប្រវែង ១.១៧០ម៉ែត្រ។៥.ប្រឡាយ អណ្តូងអ៊ុនតាក់ ប្រវែង  ៣.១១៦ម៉ែត្រ។
លោកបញ្ជាក់ថា កន្លងមកការរំលោភបំពានដីចំណីអូរ ប្រឡាយ យកទៅសាងសង់សំណង់ខុសច្បាប់      បានបណ្តាលឱ្យស្ទះទឹកលិចលង់ជាបន្តបន្ទាប់ ។
ក្នុងចំណោមអូរ ប្រឡាយមេទាំង ៥ខ្សែខាងលើ មានប្រឡាយតូចៗជាច្រើនខ្សែផ្សេងទៀតសុទ្ធតែរងការរំលោភដូចគ្នាដែរ៕ សាវ៉ុន

 

 

 


អត្ថបទទាក់ទង