ក្រសួងកសិកម្មចុះហត្ថលេខា(MOU)ស្តីពី "ការនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប" ជាមួយនឹងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកចំនួន៣
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី "ការនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប" រវាងក្រុមហ៊ុនមេគង្គអូរីហ្សាត្រេដឌីង ជាមួយក្រុមហ៊ុនហុងកុង ជុងហ៊ុយថៃហ្វូអន្តរជាតិ និងក្រុមហ៊ុនហ្គ្រីន សែហ្វអាហ្រ្វិកគ្រុប។
ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានស្វាគមន៍  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់    ភាគីពាក់ព័ន ដែលឈានដល់ការចុះហត្ថលេខា (MOU) នាពេលនេះ ហើយនេះគឺជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងក្នុងការជំរុញការនាំចេញអង្គរកម្ពុជាទៅកាន់ទីផ្សារចិន សហភាពអឺរ៉ុប និងជាពិសេសនោះគឺទីផ្សារអាហ្វ្រិកខាងត្បូង ដែលជាទីផ្សារអង្ករថ្មីមួយទៀតរបស់កម្ពុជា។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវដោយសង្ខេបអំពីសក្តានុពល នៃផលិត កម្មស្រូវ អង្ករកម្ពុជាក្នុងការវិនិយោគ កែច្នៃ និងធ្វើការនាំចេញ។ យោងលើគោលនយោបាយរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល បានបង្កលក្ខណអំណោយផលដល់វិនិយោគិនក្នុងការវិនិយោគលើវិស័យកសិកម្មជារួម និងដោយឡែកវិស័យផលិតកម្មស្រូវដែលជាផលិតផលមានអាទិភាពខ្ពស់ (មាសស) របស់កម្ពុជាសម្រាប់ធ្វើការនាំចេញ ចូលរួមកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលគ្រួសារ កាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ ហើយនេះគឺជាសុឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ជាសក្ខីភាព ថ្ងៃនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថ   លេខាលើឯកសារ MOU នាពេលនេះ ដែលឯកសារនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការនាំចេញមាសសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះ ឯកសារនេះវានឹងជួយបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងភាគីផលិត និងភាគីប្រមូលទិញ  ទាំងការងារច្បាប់ បច្ចេកទេស និងស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពផលិត ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ និងការប្រកួតប្រជែងច្បាស់លាស់ ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងជាពិសេសស្របតាមគោលនយោបាយ និងកំណែទម្រង់ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម”
ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ក្តីសង្ឃឹមឲ្យទៅភាគីចុះហត្ថលេខានាថ្ងៃនេះថា ក្រសួងនឹងផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យការអនុវត្ត MOU នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យដូចការរំពឹងទុក៕

 

 

 


អត្ថបទទាក់ទង