លោកតាវ័យ៩០ឆ្នាំម្នាក់បណ្តេីរកង់ឆ្លងផ្លូវ៥០ម៉ែត្រ ត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់ពេលបញ្ជូលដល់មន្ទីរពេទ្យ
ភ្នំពេញ ៖ លោកតាវ័យចំណាស់ម្នាក់អាយុប្រហែល៩០ឆ្នាំខណ:ដែលកំពុងបណ្តេីរកង់ឆ្លងផ្លូវក៏ត្រូវរថយន្តដឹកទំនិញចាប់ហ្រ្វាំងមិនទាន់បុកកិនកង់ពីក្រោមរថយន្ត ចំណែកលោកតាវ័យចំណាស់នោះដួលបោកក្បាល បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ តែជាអកុសល ដោយសារតែរងរបួសធ្ងន់ធ្ងរពេកបណ្តាលឲ្យលោកតាដាច់ខ្យល់ស្លាប់តាមផ្លូវមុនពេលបញ្ជូលដល់មន្ទីរពទ្យ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវអន្លងគោងថ្មី៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីសាច់ញាតិរបស់លោកតាដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនេះ បានប្រាប់ឱ្យដឹងថា លោកតាមានឈ្មោះ ងិន វិន អាយុ៩០ឆ្នាំ បច្ចុប្បន្នគាត់ស្នាក់នៅផ្ទះក្នុងភូមិគោរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ហេីយជានិច្ចកាលគាត់តែតែងជិះកង់ទៅហូបកាហ្វេ ទៅនិងជិះកង់ទៅផ្ទះចៅៗដែលនៅក្បែរកន្លែងកេីតហេតុ ស្រាប់តែថ្ងៃនេះបានជួបគ្រោះអកុសលបែបនេះតែម្តង។
ប្រភពពីសមត្ថកិច្ចពីកន្លែងកេីតហេតុក៏បានឱ្យដឹងថា មុនពេលកេីតហេតុ លោកតាបានបណ្តេីរកង់ចេញពីភូមិគោរលំ ក្នុងទិសដៅពីត្បូងទៅជេីង ពេលឆ្លងផ្លូវបានពាក់កណ្តាលផ្លូវចំណុចកេីតហេតុខាងលេី ស្រាប់តែមានរថយន្តដឹកទំនិញដែលមានស្លាកលេខភ្នំពេញ3C-7372 បេីកវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត ផុត ក៏ស្រាប់តែវ៉ាក់អេីឃេីញលោកតាបណ្តេីរកង់ នៅចំទ្រូងផ្លូវ ក៏ជាន់ហ្វ្រាំងមិនជាប់ បណ្តាលឱ្យបុកកង់ចូលក្រោមរថយន្ត ចំណែកលោកតាបានដួលបោកក្បាលសន្លប់ស្តូកស្តឹងតែម្តង។ ប្រភពព័ត៌មានបានបន្ថែមទៀតថា ក្រោយពេលមានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យសួគ៌ាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលលោកតាបានស្លាប់ បាត់ទៅហេីយ មុនពេលបញ្ជូនមន្ទីរពេទ្យ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងនៅកន្លែងកេីតហេតុ ដេីម្បីយកថយន្តនិងកង់ខាងលេីទៅរក្សាទុកបណ្តោះអសន្នរង់ចាំធ្វេីការដោះស្រាយនៅពេលក្រោយ ចំណែកសពជនងគ្រោះ សមត្ថកិច្ចបានធ្វេីកុះណត់ហេតុរួចប្រគល់ទៅឱ្យក្រុមគ្រួសារធ្វេីបុណ្យ ផ្ទះតាមប្រពៃណី៕
