កម្ពុជាចុះអនុស្សរណៈយោគយល់គ្នាក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

កម្ពុជាកំពុងជំរុញផែនការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិឲ្យបានយ៉ាងហោច១លានតោនក្នុង១ឆ្នាំៗ ដើម្បីលើកស្ទួយជីវភាពប្រជាកសិករ។ ប៉ុន្តែកម្ពុជា នៅមិនទាន់អាចឈានទៅសម្រេចផែនការនោះបាននៅឡើយទេ ដោយក្នុងឆ្នាំ២០១៨ និង២០១៩នេះ ការនាំអង្ករចេញមានប្រមាណតែជាង៦០ម៉ឺនតោនតែប៉ុណ្ណោះ។

នៅរសៀលថ្ងៃទី៣ធ្នូនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី "ការនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប" រវាងក្រុមហ៊ុនមេគង្គអូរីហ្សាត្រេដឌីង ជាមួយក្រុមហ៊ុនហុងកុង ជុងហ៊ុយថៃហ្វូអន្តរជាតិ និងក្រុមហ៊ុនហ្គ្រី ន សែហ្វ អាហ្រ្វិកគ្រុប។ លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីដែលឈានដល់ការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានោះ។

លោករដ្ឋមន្ត្រី បានចាត់ទុកថា នោះគឺ ជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងក្នុងការជំរុញការនាំចេញអង្គរកម្ពុជាទៅកាន់ទីផ្សារចិន សហភាពអឺរ៉ុប និងជាពិសេសនោះគឺទីផ្សារអាហ្វ្រិកខាងត្បូងដែលជាទីផ្សារអង្ករថ្មីមួយទៀតរបស់កម្ពុជា។ ឆ្លៀតយកឱកាសនោះ លោករដ្ឋមន្រ្តីក៍បានជម្រាបជូនភ្ញៀវបរទេសសង្ខេបអំពីសក្តានុពលនៃផលិត កម្មស្រូវ អង្ករកម្ពុជាក្នុងការវិនិយោគ កែច្នៃ និងធ្វើការនាំចេញ។

លោករដ្ឋមន្ត្រី បានថ្លែងថា អនុស្សរណៈ MOU នោះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការនាំចេញមាសសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះ ឯកសារនោះ នឹងជួយបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងភាគីផលិត និងភាគីប្រមូលទិញទាំងការងារច្បាប់ បច្ចេកទេស និងស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពផលិត ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ និងការប្រកួតប្រជែងច្បាស់លាស់ ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងជាពិសេសស្របតាមគោលនយោបាយ និងកំណែទម្រង់ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ៕ធ.ដ