សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម"
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម"។

បន្ទាប់ពីឯកឧត្តមង៉ោ ប៉ុនថាន សាកលវិទ្យាធិការ និងលោកស្រី កៅ សុជីវី អគ្គលេខាធិការរង និងជាប្រធានក្រុមការងាររបស់ក្រសួងបានអានរបាយការណ៍បង្អុលបង្ហាញជូនអង្គពិធីបានជ្រាបអំពីសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន រួចមកលោកជំទាវ ជូ ប៊ុនអេង បានធ្វើបទបង្ហាញអំពីស្ថានភាពទូទៅនៃការជួញដូរមនុស្ស ផលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង ដោយសារអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចតាមបែបឧស្សាហ៍កម្ម  កសិឧស្សាហ៍កម្ម និងកសិធុរកិច្ចផ្សេងៗទៀត គឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលជាហេតុធ្វើឲ្យមានតម្រូវការកំលាំងពលកម្មយ៉ាងច្រើន ជាមួយនឹងប្រាក់កម្រៃខ្ពស់ ហើយចាំបាច់កំលាំងពលកម្មទាំងអស់នោះបានស្រូបទាញយកពីវិស័យកសិកម្ម ដែលធ្វើឲ្យកំលាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ចុះ។

ទាំងនេះជាមូលហេតុធ្វើឲ្យប្រជាកសិករមួយចំនួនបាននាំគ្នាធ្វើចំណាកស្រុកមករស់នៅ និងស្វែងរកការងារនៅទីក្រុង ឬទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលជា ហេតុនាំឲ្យមានបញ្ហាប្រឈមមួយផ្នែកពីការធ្វើចំណាកស្រុក  និងការជួញដូរមនុស្ស ដែលរដ្ឋាភិបាល ពិសេសគណៈកម្មាធិការជាតិក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានយកចិត្តទុកដាក់អនុវត្តធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ។

ឯកឧត្តម បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសកម្មភាពអាទិភាពមួយ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងជំរុញសកម្មភាពអនុវត្ត តាមរយៈធនធានមនុស្ស ថវិកា និងសម្ភារបម្រើឱ្យការងារប្រតិបត្តិការ ដូចដែលបានរៀបរាប់យ៉ាងក្បោះក្បាយក្នុងបទអន្តរាគមន៍ដ៏មានអត្ថន័យរបស់លោកជំទាវ ជូ ប៊ុនអេង។ ព្រមជាមួយគ្នា ក្រសួងបានសហការអនុវត្តផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ -២០២៣ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ស្ថិតក្នុងបរិបទនៃសាកលភាវូបនីយកម្ម កំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ បរិយាប័ន ការរីកចម្រើនលើវិស័យបច្ចេកវិទ្យាកសិកម្ម និងនិន្នាការនៃការវិវឌ្ឍសេដ្ឋកិច្ចសកល និងជាពិសេសដើម្បីចូលរួមអនុវត្តភារកិច្ចរបស់ក្រសួងឲ្យបានពេញលេញ ខ្ជាប់ ខ្ជួន ទាន់ពេល និងមានប្រសិទ្ធភាពពាក់ព័ន្ធប្រធានបទខាងលើនេះ ឯកឧត្តម រដ្ឋមន្រ្តីបានផ្តល់ជូននូវអនុសាសន៍គន្លឹះមួយចំនួន ជូនអ្នកពាក់ព័ន្ធធ្វើជាមូលដ្ឋានអនុវត្តដូចជា៖

ទី១- បង្កើនកិច្ចសហការជាមួយគណៈកម្មាធិការជាតិ ផ្សព្វផ្សាយច្បាប់ គោលនយោបាយជាតិសំខាន់ៗ អនុសញ្ញាអន្តរជាតិ ផែនការសកម្មភាពជាតិ ផែនការនៃអនុសញ្ញាអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផែនការសកម្មភាពដែលបានកំណត់ដោយទ្វេភាគី និងពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

ទី២- គ្រឹះស្ថានអប់រំកសិកម្មទាំងអស់ត្រូវខិតខំរួមគ្នាធ្វើការអប់រំផ្សព្វផ្សាយដល់ស្រទាប់យុវជន និស្សិតឲ្យយល់ដឹងច្បាស់អំពីគោលការណ៍ច្បាប់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

ទី៣- ត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ច ក្នុងការរាយការណ៍អំពីបទល្មើសដែលកើតមានក្នុងស្រទាប់កសិករនៅមូលដ្ឋាន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្ម ការជួញដូរផ្លូវភេទ ការជួញដូរគ្រឿងញៀន៕ធ.ដ


អត្ថបទទាក់ទង