សហរដ្ឋអាមេ៉រិកព្រមានដំឡើងពន្ធលើទំនិញនំាំចូលពីប្រទេសបារាំង ក្រោយដំឡើងពន្ធឡើងវិញលើផលិតផលដែកថែបពីប្រេស៊ីល និងអាហ្សង់ទីន
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ទីក្រុងវ៉ាស៊ីនតោនអាចនឹងយកពន្ធ១០០ភាគរយ ដែលមានតម្លៃប្រមាណ២.៤ពាន់លានដុល្លារលើផលិតផលនាំចូលពីបារាំង ដើម្បីឆ្លើយតបនឹងការយកពន្ធថ្មីរបស់ប្រទេសអឺរ៉ុបនេះ លើក្រុមហ៊ុនបច្ចេកវិទ្យារបស់បរទេស ដែលធ្វើឱ្យខូចខាតដល់ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេ៉រិក ។

ការិយាល័យតំណាងពាណិជ្ជកម្មអាមេ៉រិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ការស៊ើបអង្កេតផ្នែក៣០១ បានរកឃើញគោលនយោបាយយកពន្ធថ្មីរបស់បារាំង គឺមិនសមស្របទៅនឹងលក្ខខណ្ឌនៃគោលនយោបាយពន្ធអន្តរជាតិ ហើយវាក៏ធ្វើឱ្យខូចខាតផងដែរដល់ក្រុមហ៊ុនអាមេ៉រិកធំៗជាច្រើន ។

ស្របពេលជាមួយគ្នានេះដែរ តំណាងពាណិជ្ជកម្មអាមេ៉រិក លោក រ៉ូប៊ឺត ឡៃធីហ្សែរ បានសង្កត់ធ្ងន់ដែរថា រដ្ឋបាលប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ក៏នឹងធ្វើការពិចារណាថាតើគួរតែបើកការស៊ើបអង្កេតដូចគ្នានេះ ទៅលើគោលនយោ បាយពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសអូទ្រីស អ៊ីតាលី និងតួកគី ដែរឬក៏យ៉ាងណាផងដែរ ៕ធ.ដ


អត្ថបទទាក់ទង