សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានជូនដំណើរសមាជិកសមាគមចំនួន១០១គ្រួសារ ទៅរស់នៅខេត្តឧត្តរមានជ័យ
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

រាជធានីភ្នំពេញ៖ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញបានជូនដំណើរសមាជិកសមាគមចំនួន១០១គ្រួសារ ដែលស្ម័គ្រចិត្តទៅរស់នៅខេត្តឧត្តរមានជ័យ ដែលពួកគាត់ទទួលបានផ្ទះ និងដីធ្លីត្រឹមត្រូវពិតប្រាកដក្រោយពីពួកគាត់បានចាប់ឆ្នោតយកផ្ទះ និងការផ្តល់ដីលំនៅដ្ឋានដែលបានកសាងរួចរាល់ចំនួន១០១ខ្នង ពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញកាលពីកន្លងទៅនេះ។

ការជូនដំណើរសមាជិកសមាគអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញធ្វើឡើងនៅព្រឹកថ្ងៃទី៣ខែធ្នូ ឆ្នាំ២០១៩ តាមមធ្យោបាយរថយន្តក្រុងចំនួន៦គ្រឿងចេញដំណើរពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឆ្ពោះទៅខេត្តឧត្តរមានជ័យ ដែលមានការជួយផ្គត់ផ្គង់ឧបត្ថម្ភថវិកាសម្ភារៈ និងការចំណាយផ្សេងៗពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង និងប្រធានសាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដែលធ្វើដំណើរទៅរស់នៅខេត្តឧត្តរមានជ័យក៏បានលើកឡើងសំដែងចេញនូវទឹកចិត្តរីករាយ ដែលសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូសុខទុក្ខ និងការរស់នៅរបស់ពួកគាត់។ ពួកគាត់ក៏សូមថ្លែងអំណគុណ និងប្តេជ្ញាតស៊ូទៅរស់នៅទីនោះដើម្បីកសាងជីវភាពថ្មី។

សូមបញ្ជាក់ថាសមាជិកសមាគម១០១គ្រួសារពួកគាត់នៅភ្នំពេញគ្មានផ្ទះ និងទីជម្រកពិតប្រាកដនោះទេពួកគាត់រស់នៅបច្ចុប្បន្នក្នុងតំបន់អនាធិបតេយ្យ និងជួលផ្ទះគេរស់នៅបណ្តោះអាសន្នក្នុងជីវភាពលំបាក។ពួកគាត់ក៏បានដាក់ពាក្យស្នើសុំមកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយផ្ទះ និងដីធ្លីមួយចំនួនសម្រាប់បង្កបង្កើនផលផ្គត់ផ្គង់ជីវភាពឱ្យកាន់តែល្អប្រសើរ។ ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការឆ្លើយតបទៅ និងគុណបំណាច់របស់ពួកគាត់ដែលលះបង់សព្វបែបយ៉ាងដើម្បីជាតិ និងមាតុភូមិក៏បានគិតគូ រកដីសម្បទានសង្គមកិច្ច និងបានកសាងផ្ទះជូនដល់ពួកគាត់១០១គ្រួសារនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយការលំបាក។