ព្យុះសង្ឃរានៅហ្វីលីពីនប៉ះពាល់ការប្រកួតកីឡាស៊ីហ្គេម មនុស្ស២០ម៉ឺននាក់ភៀសខ្លួន
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

មានការផ្លាស់ប្តូរកម្មវិធីប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន យ៉ាងហោចណាស់ ៨ប្រភេទកីឡា ដោយសារតែព្យុះសង្ឃរាកាំមួរិ ដែលវាយប្រហារតំបន់កោះ លូហ្សូន នៅថ្ងៃអង្គារ៍នេះ នេះបើតាមអ្នករៀបចំកម្មវិធីកីឡាស៊ីហ្គេមលើកទី៣០ ប្រកាសឲ្យដឹង កាលពីថ្ងៃចន្ទម្សិលមិញ។

គណៈកម្មាធិការរៀបចំការប្រកួតបានបញ្ជាក់ តាមរយៈសន្និសីទសារព័ត៌មានថា ការផ្លាស់ប្តូរពេលប្រកួតមួយចំនួននេះ គឺដោយសារតែមិនអំណោយផលពីអាកាសធាតុ។ នាថ្ងៃអង្គារនេះ ព្យុះទីហ្វុង កាំមួរិ បានបោកបក់មកដល់ទឹកដីនៃប្រទេសហ្វីលីពីន បន្ទាប់ពីអាជ្ញាធរបានជម្លៀសប្រជាជនប្រមាណ ២០០០០០នាក់ និងព្រមានឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ព្រមទាំងបំណាក់ដីថែមទៀតនោះ។ ការវាយប្រហារនៃព្យុះទីហ្វុងនេះ កើតមានឡើងចំពេលដែលហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games)។

អាកាសយានដ្ឋានអន្តរជាតិ ធំបំផុតប្រចាំនៅទីក្រុងម៉ានីល នឹងត្រូវផ្អាកដំណើរការរយៈពេល ១២ម៉ោងគិតចាប់ពីថ្ងៃ ១១៖០០នាទីព្រឹករហូតដល់ម៉ោង ១១៖០០នាទីយប់ថ្ងៃអង្គារនេះ (ពេលវេលាក្នុងទីក្រុងម៉ានីល) ប៉ុន្តែការធ្វើដំណើរតាមផ្លូវអាកាស នឹងនៅតែបន្តជាធម្មតា នៅតាមតំបន់ដទៃទៀតដែលមិនរងការប៉ះពាល់។ ក្រៅពីនេះ អគាររដ្ឋាភិបាល និងសាលារៀន ក៏ត្រូវបានបិទទ្វារផងដែរ នៅតាមតំបន់រងការប៉ះពាល់។ ព័ត៌មានចុងក្រោយក៏បានរាយការណ៍ដែរថា មានមនុស្សម្នាក់ហើយបានស្លាប់ ដោយសារតែព្យុះសង្ឃរានេះ៕ធ.ដ


អត្ថបទទាក់ទង