វៀតណាមជំរុញការនាំចេញទំនិញវាយនភ័ណ្ឌ ៤០ពាន់លានដុល្លារអាមេ៉រិក ឆ្នាំ២០១៩នេះ
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

ឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ វាយនភ័ណ្ឌរបស់ប្រទេសវៀតណាម កំពុងតែប្រឹងប្រែងខ្លាំងក្នុងការសម្រេចឲ្យបានគោលដៅនាំចេញ ទំហំ៤០ពាន់លានដុល្លារអាមេ៉រិក ក្នុងឆ្នាំ២០១៩នេះ បើទោះបីជាត្រូវប្រឈមនឹងការលំបាកជាច្រើនក៏ដោយ នេះបើតាមលោក Vu Duc Giang (វូ ឌុក ហ្គាង) ប្រធានសមាគម សម្លៀកបំពាក់និង វាយនភ័ណ្ឌវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី៣ ធ្នូ ២០១៩។

ដើម្បីសម្រេចគោលដៅនេះ ឧស្សាហកម្មនេះត្រូវការកំណើនតម្លៃនាំចេញឲ្យបានយ៉ាងតិច ពី១១ដល់១២ភាគរយ នៅរយៈពេលចុងក្រោយនៃឆ្នាំ២០១៩នេះ។ យោងតាមសមាគមដដែល កំណើននាំចេញមានត្រឹម៩.‌១ភាគរយប៉ុណ្ណោះ ក្នុងត្រីមាសទី៣នៃឆ្នាំ២០១៩ មានការថយចុះច្រើន បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ វាមានទំហំច្រើនជាងផលិតផលវាយនភ័ណ្ឌនាំចេញរបស់ចិន ឥណ្ឌា និងបង់ក្លាដេស។

សមាគមនេះរំពឹងថា សហគ្រាសវាយនភ័ណ្ឌនឹងអាចចែកចាយជាមួយនឹងការបញ្ជាទិញធំៗ ដើម្បីជំរុញតម្លៃនាំចេញ ក្នុងខែធ្នូ ឆ្នាំ២០១៩នេះ។ យ៉ាងណាក៏ដោយ វិស័យឯកជនមើលឃើញថា ក្នុងស្ថានភាពបែបនេះ ការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌក្នុងតម្លៃ៤០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩នេះ ហាក់មិនអាចទៅរួច៕ធ.ដ


អត្ថបទទាក់ទង