សហរដ្ឋអាមេ៉រិកគ្រោងដំឡើងពន្ធឡើងវិញលើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីប្រេស៊ីល និងអាហ្សង់ទីន
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ នៅថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសរបស់លោកនឹងដំឡើងពន្ធសាជាថ្មីលើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីប្រេស៊ីល និងអាហ្សង់ទីន។

ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គមធ្វីតធើថា ប្រេស៊ីល និងអាហ្សង់ទីនប៉ុន្មានឆ្នាំចុងក្រោយនេះ បានកេងចំណេញលើសហរដ្ឋអាមេ៉រិក តាមរយៈការទម្លាក់តម្លៃរូបិយប័ណ្ណរបស់ពួកគេ ដែលវាប៉ះពាល់ជាខ្លាំងដល់កសិករអាមេ៉រិក ។ ហេតុដូច្នេះ លោកបានសម្រេចចិត្តថា នឹងបញ្ជាឲ្យដំឡើងពន្ធឡើងវិញលើគ្រប់ផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលមកពីប្រទេសទាំងពីរ ។

ពាក់ព័ន្ធនឹងការប្រកាសខាងលើ ប្រធានាធិបតីប្រេស៊ីល លោក ហ៊្សែរ បូសូណារ៉ូ បានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់លោក មុនជជែកអំពីបញ្ហានេះជាមួយលោក ត្រាំ ផ្ទាល់ ។ រីឯអ្នកនាំពាក្យក្រសួងការបរទេសអាហ្សង់ទីនបានឆ្លើយតបដែរថា រដ្ឋាភិបាលរបស់ខ្លួនក៏នឹងចាប់ផ្តើមការជជែកចរចាជាមួយរដ្ឋាភិបាលអាមេ៉រិក ជុំវិញបញ្ហានេះផងដែរ ៕ធ.ដ


អត្ថបទទាក់ទង