ជប៉ុនចំណាយប្រាក់រាប់រយលានដុល្លារ ដើម្បីទិញកោះមួយទុកឲ្យសហរដ្ឋអាមេ៉រិកធ្វើសមយុទ្ធយោធា
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

ជប៉ុន៖ ជប៉ុនសម្រេចចំណាយប្រាក់ប្រមាណ១៤៦លានដុល្លារ ដើម្បីទិញកោះមួយស្ថិតនៅភាគនិរតីប្រទេស ទុកឲ្យសហរដ្ឋអាមេ៉រិកធ្វើសមយុទ្ធយោធានានា ខណៈសម្ព័ន្ធមិត្តទាំងពីរនេះតែងតែចាត់ទុកចិនជាការគំរាមកំហែងធំបំផុត ។

ទន្ទឹមគ្នា អគ្គលេខាធិការនៃគណៈរដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ បានបង្ហើបថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ កិច្ចព្រមព្រៀងទិញកោះ Mageshima ត្រូវបានសម្រេចហើយ រវាងរដ្ឋាភិបាល និង ក្រុមអ្នកអភិវឌ្ឍនៅលើកោះនោះផ្ទាល់ លោកថា ការកសាងកោះនេះទៅជាមូលដ្ឋានធ្វើសមយុទ្ធយោធានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ។

សូមរំលឹកថា តាំងពីដើមមក ការធ្វើសមយុទ្ធកងទ័ពអាកាសអាមេ៉រិកតែងតែធ្វើឡើងនៅលើកោះ អ៊ីវ៉ូ ជីម៉ា ដែលមានចម្ងាយ១,២០០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងតូក្យូ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានស្នើឲ្យផ្លាស់ប្តូរ ក្រោមហេតុផលថា វាស្ថិតនៅឆ្ងាយខ្លាំងពេកពីមូលដ្ឋានទ័ពខ្លួននៅទីក្រុង អ៊ីវ៉ាគូនី ដែលស្ថិតនៅភាគខាងលិចជប៉ុន ជាកន្លែងដែលផ្ទុកកងយន្តហោះចម្បាំងរបស់ខ្លួន ៕ធ.ដ