របាយការណ៍មួយបង្ហាញថា នៅឆ្នាំ២០១៩នេះ ភ្លើងឆេះព្រៃនៅទូទាំងប្រទេសឥណ្ឌូណេស៊ី បានឆេះបំផ្លាញព្រៃឈើប្រមាណ១.៦លានហិកតា
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

ឥណ្ឌូណេស៊ី៖ ផ្ទៃដីព្រៃឈើប្រមាណ១.៦លានហិកតាត្រូវបានអគ្គិភ័យឆាបឆេះ ស្របពេលផ្សែងដែលបង្កឡើងដោយភ្លើងឆេះ បានរាលដាលទៅប្រទេសម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ និងភាគខាងត្បូងថៃ ក្នុងរយៈពេល១១ខែឆ្នាំ២០១៩ នេះបើតាមរបាយការណ៍ពីក្រុមអ្នកស្រាវជ្រាវបរិស្ថាន និងព្រៃឈើអន្តរជាតិ CIFOR ។

មូលហេតុនៃភ្លើងឆេះព្រៃត្រូវបានគេដឹងថា បណ្តាលមកពីប្រជាកសិករដុតសម្អាតព្រៃងាប់ៗ ដើម្បីយកដីដាំដូងប្រេង ហើយពួកគេទាំងនោះមិនបានប្រុងប្រយ័ត្ន ឬយល់ដឹងពីផលវិបាក នៅពេលភ្លើងដែលពួកគេដុតបានរីករាលដាល នៅចំពេលមានខ្យល់ក្តៅ និងស្ងួតបោកបក់ ។

សូមរំលឹកផងដែរថា ភ្លើងឆេះព្រៃដែលអាក្រក់បំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើតឡើងកាលពីឆ្នាំ២០១៥ ដែលបានឆាបឆេះបំផ្លាញផ្ទៃដីព្រៃឈើរហូតដល់ទៅ២.៦លានហិកតាឯណោះ ៕ធ.ដ