អគ្គិភ័យឆេះឈើចាស់ៗក្នុងទីតាំងសិប្បកម្មកែឆ្នៃតុទូមួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌដង្កោចុះអន្តរាគមន៍
ភ្នំពេញ៖ មានករណី(អគ្គិភ័យឆេះគំនរឈើចាស់ៗក្នុងទីតាំងសិប្បកម្មកែឆ្នៃតុទូមួយកន្លែងត្រង់ចំណុចផ្ទះ ០៩ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលា ម៉ោង ២២ និង២០នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សរ មោលីឌមាជោតិក ភេទ ប្រុស អាយុ ៥៩ឆ្នាំ មុខរបរ បើកសិប្បកម្ម បច្ចុប្បន្នស្នាក់នៅទីតាំងកើតខាងលើ ។ក្នុងករណីអគ្គិភ័យខាងលើនេះ បណ្តាលមកពីជាងផ្សារដំបូលខ្ទាតកំទេចធូកផ្សារចូលគំនរឈើបណ្តាលឲ្យឆាបឆេះតែម្តង។ ចំពោះទំហំ នៃការខូចខាត : ឆេះឈើចាស់ៗមួយចំនួនធំ ។
សមត្ថកិច្ចបានបន្ថែមថា ការប្រើប្រាស់ រថយន្ត អគ្គិភ័យ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់៣សាទែន ក្នុងនោះមានរថយន្ត សាលាខណ្ឌ ០២គ្រឿង និងរថយន្ត ស្រាបៀកម្ពុជា ០១គ្រឿង ដោយធ្វើការបាញ់ពន្លត់ជាង១ម៉ោងទើបរលត់នៅយប់ថ្ងៃ កើតហេតុដដែល ៕ធ.ដ
