ក្រុមនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានក្លាយជាជើងឯក ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ ២០១៩
ថ្ងៃ អង្គារ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩

ក្រុមនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានក្លាយជាជើងឯក ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុមនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម ខណៈលេខ៣ បានទៅក្រុមសាខាចំការមន ទួលគោក និងមានជ័យ និងលេខ៤ បានទៅក្រុមនាយកដ្ឋាន នាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក និសាលាជាតិពន្ធដារ កាលពីចុងសប្តាហ៍កន្លងទៅ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។

គួររម្លឹកថា ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ២០១៩ ធ្វើឡើងក្រោមគំនិតគំនិតផ្តួតផ្តើមរបស់ ឯ ឧ គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលបំណងចូលរួមចំណែកមួយ របស់អគ្គនាយកដ្ឋានពន្ធដារ ស្របទៅនឹងប្រធានបទ នៃកីឡាថ្នាក់ជាតិ “កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍” ព្រមទាំងស្របទៅនឹងអនុសាសន៍ និងទស្សនៈវិស្ស័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ឯ ឧ គង់ វិបុល បន្តថា ពានអគ្គនាយកដ្ឋានពន្ធដារ គឺធ្វើឡើងដើម្បីស្វែងរកកីឡាករឆ្នើមតំណាងអោយអគ្គនាយកដ្ឋានពន្ធដារ ត្រៀមប្រកួតដណ្តើមយកពានរង្វាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឆ្នាំក្រោយអោយបាន ពីព្រោះពេលកន្លងមកក្រុមអគ្គនាយកដ្ឋានពន្ធដារ ទទួលបានត្រឹមជើងឯករងប៉ុណ្ណោះ ។ ជាមួយគ្នានេះ ឯ ឧ ប្រតិភូរាជរដ្ឋាភិបាល ក៏បានកោតសរសើរដល់កីឡាករទាំងអស់ ដែលមានស្មារតីកីឡា ប្រកួតអស់ពីសមត្ថភាព រឹតចំណងមិត្តភាព សាមគ្គីភាព និងគោរពបាននូវបទបញ្ជា បច្ចេកទេស ក្រមសីលធម៌ល្អ ដោយយុត្តិធម៌ ។

ឯ ឧ បានបន្តថា ត្រូវធ្វើខ្លួនឱ្យល្អ កុំនាំបញ្ហា ត្រូវស្រលាញ់កីឡា ព្រោះកីឡានាំមកនូវសុខភាព បង្កើនឱ្យមានសាមគ្គីភាពការប្រាស្រ័យល្អ ជៀសវាងការបង្កើនឱ្យមានជម្លោះបណ្តាលឱ្យមានរបូសស្នាម ប៉ះពាល់ដល់ការងារស្នូល ក្នុងការប្រមូលចំណូលពន្ធ ។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់អគ្គនាយកដ្ឋានពន្ធដារ លើកទី១ ឆ្នាំ២០១៩នេះ មាន១៦ក្រុម ពីនាយកដ្ឋានថ្នាក់កណ្តាល, ទីចាត់ការពន្ធដាររាជធានីភ្នំពេញ, សាលាជាតិពន្ធដារ និងសាខាពន្ធដារខេត្ត/ខណ្ឌ ចំណុះអគ្គនាយកដ្ឋានពន្ធដារ និងមានកីឡាករសរុបប្រមាណ ៤០០នាក់ ៕ធ.ដ