ឯកឧត្ដមកិតិបណ្ឌិត ពេជ្រ ប៊ុនធិនថ្លែងថា យើងទាំងអស់គ្នាបានចាត់ទុកថារណសិរ្ស២ធ្នូ និងថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

កាលពី៤១ឆ្នាំមុន នៅថ្ងៃទី២ ខែធ្នូនេះ គឺជាថ្ងៃដែលអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នានៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបខ្មែរក្រហមដ៏យង់ខ្នង សម្លាប់ពលរដ្ឋខ្មែរជាង២លាននាក់ ។
   រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និង ក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និង វីរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ៕
   ដោយសារគុណូបការៈនេះហើយបានធ្វើឱ្យស្មារតី២ធ្នូ ក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជាអមតៈក្នុងដួងចិត្ត ប្រជាជនកម្ពុជា ដែលជំរុញឱ្យយើងទាំងអស់គ្នាតែងតែ ប្រារព្ធទិវារំលឹកខួបនេះជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ និងបានចាត់ទុកថ្ងៃ២ធ្នូ ជាថ្ងៃចាប់ផ្ដើមដ៏ស្ចារ្យក្នុងការផ្ដួលរំលំរបបប៉ុលពត។     
   ជាក់ស្ដែងនៅថ្ងៃទី ២ធ្នូ ឆ្នាំ២០១៩នេះ នៅបរិវេណវិមាន២ធ្នូ ស្ថិតនៅក្នុងភូមិជើងក្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានប្រារព្ធទិវានេះឡើងក្រោមអធិបតីភាពឯកឧត្ដមកិតិបណ្ឌិត ពេជ្រ ប៊ុនធិន សមាជិកក្រុមប្រឹក្សារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ កងកម្លាំងប្រដាប់ទាំងបីប្រភេទ យុវជនគ្រប់អង្គភាព សិស្សានសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
     ឯកឧត្ដម វ៉ា ថន មានប្រសាសន៏ថា យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះ យើងទាំងអស់គ្នា ឱ្យរួចផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ ប៉ុន្តែរណសិរ្ស២ធ្នូនៅ បានជួយ ប្រជាជនកម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជាថែមទៀត។
     ឯកឧត្ដម កិតិបណ្ឌិត ពេជ្រ ប៊ុនធិន មានប្រសាសន៏ថា ឆ្លងកាត់ដំណាក់កាលដ៏លំបាកជាជំហ៊ានៗ ឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានខិតខំជំនះ នូវរាល់ឧបសគ្គទាំងឡាយ ដើម្បីប្រែក្លាយមុខមាត់ប្រទេសកម្ពុជាពីប្រទេសដែលមានតែគំនរផេះផង់មកជាប្រទេសដែលពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ និងបានជ្រោងទង់មោទនៈភាពជាតិឱ្យខ្ពស់ស្មើមុខ ស្មើមាត់ ប្រទេសនានានៅលើពិភពលោកទៀតផង។ ភាពអំណោយផលខាងនយោបាយនេះ បានផ្តល់ឱកាសឱ្យជនរួមជាតិ និងរាជរដ្ឋាភិបាលអាចរក្សា បាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចំរើនលើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ។  ឯកឧត្តមបន្តថា យើងត្រូវរួមសាមគ្គីគ្នា ដើម្បីពន្យល់អប់រំដល់យុវជនជំនាន់ក្រោយឱ្យយល់ដឹង និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និងថៃ្ងជ័យជំនៈ៧មករា និងគុណបំណាច់របស់ឥស្សរៈជនយើង ដែលបានខិតខំធ្វើពលិកម្ម បូជា សាច់ស្រស់ ឈាមស្រស់ យកជីវិត ធ្វើជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍដល់កូនចៅជំនាន់ក្រោយ ហើយយើងទាំងអស់គ្នាបានចាត់ទុកថារណសិរ្ស២ធ្នូ និងថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា៕