៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Soccer League លើកទី៥ ឆ្នាំ២០១៩នេះ បានប្តេជ្ញាធ្វើឲ្យការប្រកួតកាន់តែអស្ចារ្យ និងមិនឲ្យអ្នកគាំទ្រខកចិត្តនោះទេ
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

ការប្រកួតពានរង្វាន់ Soccer League ឆ្នាំ២០១៩ ដែលមាន៧២ ក្រុមចូលរួមឥឡូវនេះបានរកឃើញក្រុមខ្លាំង៤ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ហើយតំណាងក្រុមទាំង៤ សិតតែប្តេជ្ញាយកជ័យជំនះអោយបាន និងធ្វើឲ្យការប្រកួតកាន់តែអស្ចារ្យ និងមិនឲ្យអ្នកគាំទ្រខកចិត្តនោះទេ ។ ការថ្លែងបែបនេះធ្វើក្នុងសន្និសីទសារព័ត៌មានព្រឹកមិញនេះ នៅសាលនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិ ។

លោក ហុក សុចិត្រា ប្រធានគណៈកម្មាធិការបច្ចេកទេសរៀបចំការប្រកួត បានបញ្ជាក់ថា បានបញ្ជាក់ថា ពានរង្វាន់ Soccer League បង្កើតឡើង ដើម្បីឲ្យយុវជន មន្រ្តីរាជការ លេងកីឡា ស្រឡាញ់កីឡា ជាពិសេសរិតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។ លោក បានបន្ថែមទៀតថា គោលបំណងសំខាន់របស់ពានរង្វាន់ Soccer League គឺផ្តល់ឱកាសឲ្យយុវជននានា មកពីក្រុមហ៊ុន សមាគម អង្គការ ខណ្ឌ រាជធានី-ខេត្ត ទាំង១៨០០នាក់ បានជួបជុំគ្នា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមរយៈការប្រកួតនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

លោក ហុក សុចិត្រា បានចាត់ទុកថា ព្រឹត្តិការណ៍នេះ គឺផ្តល់ឲ្យយុវជន ដែលជាមហាគ្រួសារខ្មែរទូទាំងប្រទេស ដែលមានមុខងារ និងកន្លែងខុសគ្នាៗ បានស្គាល់គ្នាទៅវិញទៅមក ដើម្បីឲ្យក្លាយជាបណ្តាញបង្កើនទំនាក់ទំនង ចេះអត់ឱនអធ្យាស្រ័យ និងចេះគោរពគ្នាទៅវិញទៅមក ពោលគឺយើងរួមគ្នាបំផុសចលនាកីឡាបាល់ទាត់ នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ជាមួយគ្នានេះ លោក ក៏បានស្នើរដល់អាជ្ញាកណ្តាល ចៅក្រម សូមកាត់សេចក្តីដោយយុត្តិធម៌ រីឯកីឡាករគ្រប់រូប គប្បីប្រកាន់ភ្ជាប់នូវបទបញ្ជាប្រកួត និងលក្ខខណ្ឌ ជាពិសេសប្រកួតក្នុងស្មារតីសប្បាយរីករាយ និងភាតរភាពជាបងប្អូន ប្រកួតប្រជែងឲ្យអស់ពីសមត្ថភាព និងមានការអាធ្យាស្រ័យគ្នាទៅវិញទៅមក ។

ចំពោះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមការពារដំណែងជើងឯកសាលាខណ្ឌពោធិ៍សែនជ័យ ត្រូវប៉ះ ក្រុមអាណាចក្របៃតង អេហ្វស៊ី នៅថ្ងៃទី០៣ស្អែកនេះ ចំណែកឯ ក្រុមអាវតា អេហ្វស៊ី នឹងត្រូវប្រកួតជាមួយ ក្រុមសុភីណា អេហ្វស៊ី នៅថ្ងទី០៤ ខែធ្នូ ពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៥ល្ងាចដូចគ្នា ៕ធ.ដ