សេតវិមានបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងមិនទៅចូលរួមសវនាការស្តាប់ ដែលមានគោលដៅទម្លាក់លោកពីតំណែងជាលើកដំបូងឡើយ
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ សេតវិមានបានបញ្ជាក់នៅក្នុងលិខិតមួយ កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលផ្ញើទៅកាន់ប្រធានគណៈកម្មាធិការយុត្តិធម៌នៃសភាតំណាងរាស្រ្តថា លោក ដូណាល់ ត្រាំ និងក្រុមមេធាវីរបស់លោក នឹងមិនទៅចូលរួមសវនាការស្ដាប់ ដើម្បីឈានទៅរកកិច្ចដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅឯសភាតំណាងរាស្ត្រនាថ្ងៃពុធសប្ដាហ៍នេះនោះឡើយ ។

នៅក្នុងលិខិតដដែលនេះក៏បានចោទប្រកាន់ផងដែរថា គណៈកម្មធិការយុត្តិធម៌ «គ្មានភាពយុត្តិធម៌» នៅក្នុងការស៊ើបអង្កេត ហើយការអញ្ជើញលោក ត្រាំ ឱ្យចូលរួមក្នុងសវនាការស្ដាប់នៅថ្ងៃទី០៤ ខែធ្នូនេះ មិនបានផ្ដល់ពេលវេលាគ្រប់គ្រាន់ឱ្យសេតវិមានរៀបចំខ្លួន និងមិនបានផ្ដល់ព័ត៌មានពីសាក្សីដែលត្រូវចូលរួម ។

សូមរំលឹកថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី ពីសំណាក់សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដែលចោទលោកថា បានរំលោភអំណាច និងស្នើឱ្យបរទេសគឺអ៊ុយក្រែនលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក តាមរយៈការដាក់សម្ពាធឱ្យរដ្ឋាភិបាលអ៊ុយក្រែន បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងលោក ចូ បៃដិន ដែលជាគូប្រជែងដ៏ធំរបស់លោកមកពីគណបក្សប្រជាធិបតេយ្យ ៕ធ.ដ


អត្ថបទទាក់ទង