ប៉ាឡេស្ទីនស្តីបន្ទោសសហរដ្ឋអាមេ៉រិក ពាក់ព័ន្ធនឹងសាងសង់លំនៅឋានថ្មីទៀតរបស់អ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ West Bank
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

ប៉ាឡេស្ទីន៖ រដ្ឋាភិបាលប៉ាឡេស្ទីននៅថ្ងៃអាទិត្យម្សិលមិញ បានធ្វើការរិះគន់ធ្ងន់ៗចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការសាងសង់លំនៅឋានថ្មីទៀតនៅក្នុងទីក្រុង ហេប្រុន ស្ថិតនៅភាគខាងត្បូងតំបន់ វែស ប៊ែង ហើយថា សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេ៉រិកគឺអ្នកនៅក្រោយ ។

ការរិះគន់របស់ប៉ាឡេស្ទីនខាងលើ បានកើតមានឡើងក្រោយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក ណាហ្វថាលី ប៊ិនណេត បានប្រកាសអំពីផែនការក្នុងការកសាងលំនៅឋានសំរាប់ជនជាតិជ្វីបបន្ថែមទៀត ក្នុងតំបន់កំពុងមានជម្លោះនៅ វែសប៊ែង បន្ទាប់ពីសហរដ្ឋអាមេ៉រិកទើបតែបានប្រកាសថា ខ្លួននឹងលែងចាត់ទុកសកម្មភាពអ៊ីស្រាអែលបែបនេះ ជាទង្វើខុសច្បាប់អន្តរជាតិទៀតនោះ ។

ទន្ទឹមគ្នា ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះបានលើកឡើងថា គំរោងសាងសង់លំនៅឋានបន្ថែមនៅទីក្រុងហេប្រុន នឹងជួយបង្កើនចំនួនប្រជាជនជ្វីបនៅតំបន់នេះរហូតដល់ពីរដង ខណៈបច្ចុប្បន្ននេះជនជាតិអ៊ីស្រាអែលប្រមាណ៨០០នាក់ កំពុងរស់នៅទីនោះស្រាប់ ក្រោមការការពារសុវត្ថិភាពពីសំណាក់កងទ័ពអ៊ីស្រាអែលរាប់រយនាក់ ដោយមានជនជាតិប៉ាឡេស្ទីនរស់នៅតំបន់ជុំវិញនោះជាង២ម៉ឺននាក់ផងដែរ ៕ធ.ដ


អត្ថបទទាក់ទង