អេស្ប៉ាញធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុនាសប្តាហ៍នេះ ខណៈមានការព្រួយបារម្ភកើនឡើងខ្លំាងជុំវិញវិបត្តិអាកាសធាតុ
ថ្ងៃ ច័ន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

អេស្ប៉ាញ៖ អ្នកតំណាងមកពីបណ្ដាប្រទេសនានាជិត២០០ប្រទេស នៅថ្ងៃចន្ទនេះ នឹងចាប់ផ្ដើមកិច្ចប្រជុំប្រចាំឆ្នាំស្ដីពីការប្រែប្រួលអាកាសធាតុនៅក្នុងទីក្រុង Madrid ប្រទេសអេស៉្បាញ ។
កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលរបាយការណ៍ចំនួនពីររបស់អង្គការសហប្រជាជាតិដែលបង្ហាញពីលទ្ធផលមិនល្អមួយចំនួនទាក់ទិននឹងអាកាសធាតុ ត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ ។

របាយការណ៍ទាំងពីរនោះ បានសង្កត់ធ្ងន់ទៅលើទំហំ និងផលប៉ះពាល់ទៅលើជីវិតនៅលើផែនដី ដោយសារតែការណ៍ដែលមិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់ទៅលើការប្រែប្រួលអាកាសធាតុ ។
កិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា COP 25 នេះ មានគោលបំណងសម្រេចចុងក្រោយ ទៅលើបទបញ្ញត្តិសម្រាប់អនុវត្តកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស ឆ្នាំ២០១៥ ។

ទន្ទឹមគ្នា អ្នកបរិស្ថានសង្ឃឹមថា កិច្ចប្រជុំខាងលើនឹងត្រួសត្រាយផ្លូវឲ្យបណ្ដាប្រទេសនានាបង្កើនការប្ដេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅក្នុងសន្និសីទឆ្នាំក្រោយនៅទីក្រុង Glasgow ប្រទេសស្កុតឡែន ៕ធ.ដ


អត្ថបទទាក់ទង