កីឡាគុនល្បុក្កតោកម្ពុជា ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២
ថ្ងៃ អាទិត្យ ទី ០១ ខែ ធ្នូ ឆ្នាំ ២០១៩

កីឡាគុនល្បុក្កតោ រួមមានមេដាយប្រាក់១ និងសំរឹទ្ធ២គ្រឿង ជូនកម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅហ្វីលីពីនហើយ នៅថ្ងៃទី០១ ខែធ្នូនេះ ដោយដណ្ដើមបានលើប្រភេទ ។
វិញ្ញាសា Arnis នៅព្រឹកថ្ងៃអាទិត្យនេះ ក្រុមគុនល្បុក្កតោកម្ពុជា បានទទួលមេដាយសំរិទ្ធដោយ កីឡាករ មឿន ប៊ុនលី ក្រោយប្រកួតចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន Mike C.Banares ក្នុងប្រភេទទម្ងន់លើ ៦៥គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ឯកីឡាករ សុខ ឈុន ក៏ទទួលបានត្រឹមមេដាយសំរឹទ្ធដែរ ក្រោយចាញ់កីឡាករវៀតណាម ក្នុងប្រភេទទម្ងន់លើ ៥៥គីឡូក្រាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។
ចំណែកឯមេដាយប្រាក់ រកបានដោយកីឡាករ យ៉ុង ម៉េងលី ប្រកួតចាញ់ កីឡាករ មីយ៉ាន់ម៉ា Thet Naing Oo ក្នុងប្រភេទទម្ងន់លើ ៦០គីឡូក្រាម នៅវគ្គផ្តាច់ព្រ័ត្រ ។
សូមបញ្ជាក់ថា ថ្ងៃអាទិត្យនេះអត្តពលិកកម្ពុជា ប្រកួតលើ៧ប្រភេទកីឡា រួមមានកីឡាបាល់ទះឆ្នេរខ្សាច់ កីឡាវាយសី កីឡាកាយសម្ព័ន្ធ កីឡាសីប៉ាក់តាក្រ កីឡារាំ គុនល្បុក្កតោ (Arnis) និងកីឡាបាល់បោះ ៣ X ៣ ។ ប៉ុន្ដែក្នុងនោះមាន ២ប្រភេទកីឡា ដែលត្រូវប្រកួតកំណត់លទ្ធផលមេដាយក្នុងថ្ងៃនេះ គឺកីឡាគុនល្បុក្កតោ និងកីឡារាំ(ប្រកួតពេលរសៀល) ខណៈកីឡាផ្សេងទៀត គឺជាការប្រកួតជម្រុះនៅឡើយ ៕