ម្ចាស់ផ្ទះហ្វីលីពីន និងថៃ គឺជាឧបសគ្គធំសម្រាប់អត្តពលិកកម្ពុជា នៅស៊ីហ្គេម លើកទី៣០ ឆ្នាំនេះ
ថ្ងៃ សៅរ៏ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ប៊ុយ សោភ័ណ្ឌ បានថ្លែងក្នុងបទសម្ភាសន៍ថា ម្ចាស់ផ្ទះហ្វីលីពីន និងថៃ ពីគឺជាឧបសគ្គធំសម្រាប់អត្តពលិកកម្ពុជា នៅស៊ីហ្គេម ឆ្នាំនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរវាងកីឡាករ និងថ្នាក់ដឹកនាំ សហព័ន្ធប្រដាល់សកលកម្ពុជា មុនចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។

អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ស៊ីហ្គេមនេះ សហព័ន្ធសង្ឈឹមខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ ដោយសារអត្តពលិកកីឡាប្រដាល់សកលកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិយ៉ាងល្អប្រសើរ ដោយបានបញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់នៅក្រៅប្រទេសរយៈពេលយូរ នឹងទទួលបានបទពិសោធន៍ បច្ចេកទេសច្រើន ។

ទោះបីការត្រៀមខ្លួនបានល្អយ៉ាងណាក្តី ក៏លោក ប៊ុយ សោភ័ណ្ឌ សម្តែងក្តីបារម្មណ៍ជាមួួយប្រទេសមួយចំនួន ដូចជា ថៃ និងវៀតណាមជាដើម ។ លោក អះអាងទៀតថា ប្រទេសដែលកម្ពុជាគិតថាជាឧបសគ្គធំនោះ គឺមានតែប្រទេសថៃ និងប្រទេសហ្វីលីពីនប៉ុណ្ណោះ ដ្បិតប្រទេសទាំង២នេះ គេមានកីឡាករ ឈានឡើងទៅដល់កម្រិតអូឡាំពិកទៅហើយ ។

ដោយឡែកកីឡាករ ណាត សៀកនិន និងកីឡាការិនី នៅ ស្រីពៅ ក៍បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការដណ្តើមមេដាយមកជូនកម្ពុជា ពីព្រោះពួកគេទទួលបានការហ្វឹកហាត់យ៉ាងល្អ នៅក្រៅប្រទេសដូចជា ជប៉ុនជាដើម  ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនឆ្នាំនេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជូនកីឡាក កីឡាការិនី ចំនួន៨រូប ក្នុងនោះកីឡាករ៦រូប ប្រកួតលើ៦ ប្រភេទទម្ងន់ មាន៤៩គីឡូក្រាម ៥២គីឡូក្រាម ៥៦គីឡូក្រាម ៦០គីឡូក្រាម ៦៤គីឡូក្រាម និង៧៤គីឡូក្រាម រីឯកីឡាការិនី២រូប ប្រកួតលើប្រភេទទម្ងន់៥១គីឡូក្រាម និង៦០គីឡូក្រាម ៕ធ.ដ