កូរ៉េខាងជើងព្រមាននាយករដ្ឋមន្រ្តីជប៉ុនថា គ្រាប់មីស៊ីលពិតៗអាចនឹងត្រូវបាញ់ផ្លោងនាពេលខាងមុខនេះ
ថ្ងៃ សៅរ៏ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងត្បូង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍នេះ បានរិះគន់ធ្ងន់ៗលើនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ថា ជាមនុស្សមានភាពក្មេងខ្ចីផ្នែកនយោបាយ ដែលបានចាត់ទុកការធ្វើតេស្តជើងទម្រមីស៊ីលចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាង ទៅជាការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបទៅវិញ ហើយថាលោក អាបេ នឹងឃើញកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលពិតនាពេលខាងមុខនេះ ។

ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើ បានកើតមានឡើងក្រោយលោក អាបេ បានហៅការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងចុងក្រោយនេះថា ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជប៉ុន និងសហគមន៍អន្តរជាតិ ហើយលោក អាបេ ក៏បានហៅសកម្មភាពកូរ៉េខាងជើងនេះថាជាការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ទើប បានជាធ្វើឲ្យទីក្រុងព្យុងយ៉ាងផ្ទុះកំហឹង និង រិះគន់តបវិញ ។

សូមរំលឹកថា កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានធ្វើតេស្តបាញ់គ្រាប់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដើម្បីជាការសាកល្បងជើងទម្របាញ់រ៉ុក្កែតរបស់ខ្លួនជាលើកទីបួន ហើយការបាញ់នោះក៏ត្រូវបានប្រព័ន្ធរ៉ាដាកូរ៉េខាងត្បូង និងជប៉ុនចាប់សញ្ញាបានផងដែរ ៕ធ.ដ


អត្ថបទទាក់ទង