ក្រុមកីឡាករទូកក្តោងកម្ពុជា បានត្រៀមខ្លួនជាស្រេចសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ដែលនឹងចាប់ផ្តើមពីថ្ងៃ ០២ ដល់ថ្ងៃទី ០៩ ខែធ្នូ ខាងមុខនេះ នៅទីក្រុង ស៊ូប៊ិច
ថ្ងៃ សុក្រ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ទីក្រុង ស៊ូប៊ិច ប្រទេសហ្វីលីពិន ៖ ក្រោយពីការមកដល់របស់ប្រតិភូកីឡាទូកក្តោងកម្ពុជា នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះក្រុមកីឡាករទូកក្តោងរបស់កម្ពុជា បានត្រៀមខ្លួនជាស្រេចសំរាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ដែលវិញ្ញាសាកីឡាទូកក្តោង នឹងចាប់ផ្តើមពីថ្ងៃ ០២ ដល់ថ្ងៃទី ០៩ ខែធ្នូ ខាងមុខនេះ ដោយបានត្រៀមរៀបចំឧបករណ៍សំរាប់គណៈកម្មាធិការត្រួតពិនិត្យបច្ចេកទេស ក៏ដូចជាធ្វើការហ្វឹកហាត់ផ្ទាល់នៅលើទីតាំងប្រកួតផងដែរ ។

សំរាប់ប្រតិភូកីឡាទូកក្តោងកម្ពុជា ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ មានចំនួនសរុប ០៥រូប ដែលដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សក្កដា សាគល់ហ្វាង ជាគ្រូបង្វឹក និងកីឡាករចំនួន ០៣រូប គឺ ៖

១.កីឡាករ សូត្រ មេសា ប្រកួតលើវិញ្ញាសា Windsurfing RS:X Men
២.កីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing RS:One Men
៣.កីឡាករ ញ៉ូវ ចាន់ ប្រកួតលើវិញ្ញាសា Laser Standard។

សូមបញ្ជាក់ផងដែរថា សំរាប់វិញ្ញាសាកីឡាទូកក្តោងនេះ មានចំនួន ១៤ប្រទេសវិញ្ញាសា និងមានប្រទេសចូលរួមចំនួន ០៧ រួមមាន កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, មីយ៉ានម៉ា និងហ្វីលីពីន៕ធ.ដ