អគ្គីភ័យឆាបឆេះបន្ទប់ស្ទីមសូណា សណ្ឋាគារប៉ារ៉ាឌីវីឡា
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

នៅវេលាម៉ោង ១៥:០០នាទី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩  មានករណីអគ្គិភ័យ ឆាបឆេះបន្ទប់ស្ទីមសូណា សណ្ឋាគារប៉ារ៉ាឌីវីឡា ទំហំ១០ម៉ែត្រ x៣០ម៉ែត្រ ស្ថិតនៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

តាមការបញ្ជាក់របស់ម្ចាស់ទីតាំងឈ្មោះ ទ្រីង ប៊ុនសង់ ភេទប្រុស អាយុ៥៥ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បានឲ្យដឹងថា ករណីឆាបឆេះបន្ទប់ស្ទីមសូណា បណ្តាលឲ្យរងការខូចខាត បន្ទប់អគារ និង សម្ភារះប្រើប្រាស់មួយចំនួនធំ  ។
 តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ អន្តរាគមន៍ពន្លត់  បានបញ្ចេញរថយន្តអន្តរាគមន៍ពន្លត់ករណីអគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ស្មើ១៣ឡាន  ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត៣គ្រឿង ប្រើទឹកអស់៥រថយន្ត  និង រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងសៀមរាប ១គ្រឿង ប្រើទឹកអស់២រថយន្ត និង  រថយន្តពន្លត់អគ្គិភ័យអង្គភាពនគរបាលការពារបេតិកភ័ណ្ឌ ចំនួន១គ្រឿង ប្រើទឹកអស់២រថយន្ត រួមនឹងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្ត២គ្រឿង ប្រើទឹកអស់៤រថយន្ត ហើយបានរលត់ទៅវិញនៅវេលាម៉ោង១៧:០០ ។ លោកក៏បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ បណ្តាមកពីការ (បើកឌីសង់ទ័រចោល បណ្តាលឲ្យផ្ទុះសេឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យកើតឡើងជាអគ្គីភ័យ  តែមិនបានបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់ឡើយ  ៕  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប