សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងបង្កើនសមត្ថភាពលើការកំណត់រោគវិនិច្ឆ័យ និងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិត ហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹក លើដំណាំចេកនៅប្រទេសកម្ពុជា
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

នៅសណ្ឋាគារកំាបូឌីយ៉ាណា ព្រឹកថ្ងៃទី២១ ខែវិច្ឆការ ឆ្នំា២០១៩ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងបង្កើនសមត្ថភាពលើការកំណត់រោគវិនិច្ឆ័យ និងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិត  ហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹក លើដំណាំចេកនៅប្រទេសកម្ពុជា ក្រោមការចូលរួមពីឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងលោក អ៊ុ កុសល តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាតិ។
តាមការអោយដឹងពីលោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណំា អនាម័យ និងភូតគាអនាម័យនៃអគ្គនាយកដ្ឋានកសិកម្មបានអោយដឹងថា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នំាចុងក្រោយនេះ ប្រទេសកម្ពុជាមានការកើនឡើងនៃការដំាដុះដំណាំចេកជាលក្ខណៈពាណិជ្ជកម្ម ដោយសារតែមានការកើនឡើងនៃតម្រូវការទីផ្សារក្រៅប្រទេស។ ជាក់ស្តែងនៅឆ្នំា២០១៨ ប្រទេសកម្ពុជាបានក្លាយជាប្រទេសនំាចេញចេក ដែលមានប្រទេសចិនជាទីផ្សារដ៏សម្ខាន់។
លោក អ៊ុ កុសល បានបញ្ជាក់ថា ៖ គម្រោងបង្កើនសមត្ថភាពលើការកំណត់រោគវិនិច្ឆ័យនិងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិត ហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹក លើដំណាំចេកនៅប្រទេសកម្ពុជា គឺត្រូវបានអនុវត្តចំនួន ៦ប្រទេសរួមមាន៖ ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ចិន និងប្រទេសមីយ៉ាន់ម៉ា ដែលមានរយៈពេល២ឆ្នាំ (ខែមករា ឆ្នាំ២០១៨ ដល់ ខែមិថុនា ឆ្នាំ២០១៩) និងបានបន្តដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ជាលទ្ធផល៖ប្រទេសកម្ពុជាបានចុះអង្កេត និងប្រមូលសំណាកដំណាំចេក (ចេកអំបូងលឿង និងចេកណាំវ៉ា) ក្នុងខេត្តចំនួន០៥ គឺ កំពង់ចាម កំពត រតនគិរី ព្រះវិហារ និងបន្ទាយមានជ័យ  ក្រោយពីការធ្វើរោគវិនិច្ឆ័យលើសំណាកចេកដែលប្រមូលបានពីបណ្តាខេត្តខាងលើ គ្រប់សំណាកទាំងអស់គ្មានជំងឺស្រពោនលឿងស្លឹកដែលបណ្តាលមកពី Foc TR4 ទេ ទាំងចេកអំបូងលឿង(Cavendish) និងចេកណាំវ៉ា។
ឯកឧត្តម បណ្ឌិត ងិន ឆាយ បានវាយតម្លៃខ្ពស់ចំពោះគម្រោងស្តីពី ការផ្សព្វផ្សាយលទ្ធផលគម្រោងបង្កើនសមត្ថភាពលើការកំណត់រោគវិនិច្ឆ័យ និងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិតហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹក លើដំណាំចេកនៅប្រទេសកម្ពុជា ដែលបានចូលរួចចំណែកយ៉ាងសំខាន់ក្នុងការបង្កើននូវផលិតភាពដំណាំចេក តាមរយៈការគ្រប់គ្រង ការធ្វើអង្កេត ការធ្វើរោគវិច្ឆ័យ ការតាមដាន ការចាត់វិធានការទប់ស្កាត និងកម្ចាត់ជំងឺផ្សិតស្រពោនលឿនស្លឹក Fusarium Wilt ដែលទំាងអស់នេះសុទ្ធតែជាកត្តាគន្លឹះមិនអាចខ្វះបាន សម្រាប់ចូលរួមចំណែកកិច្ចអភិវឌ្ឍន៍អនុវិស័យកសិកម្មអោយទទួលបានជោគជ័យ ដើម្បីផ្គត់ផ្គង់តម្រូវការប្រចំាថ្ងៃ និងការនំាចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នផលិតកម្មចេកនៅក្នុងពិភពលោក កំពុងរងការគំរាមគំហែងយ៉ាយធ្ងន់ធ្ងរពីជំងឺផ្សិតស្រពោនលឿងស្លឹក Fusarium Wilt រឺហៅថា ប៉ាណាម៉ា ដែលបង្ករឡើងដោយផ្សិត Fusarium oxysporum sp. Cubense ដែលធ្វើអោយឫសចេកមិនអាចបញ្ចូនទឹក និងសាធាតុចិញ្ចឹមទៅដើមបាន និងធ្វើអោយប្រែពណ៏លឿង និងឈានដល់ងាប់តែម្តង។  ជំងឺផ្សិតស្រពោនលឿនស្លឹកត្រូវបានគេចែកចេញជា៤ប្រភេទមាន៖ Foc races 1.2.3និង4។ ក្នុងចំនោមផ្សិតទំាង៤ប្រភេទនោះ FR4 អាចបំផ្លាញលើពូជចេកទូទៅ រួមទំាងចេកអំបូងលឿង(ពូជ Cavendish)ផងដែរ។
FR4 ត្រូវបានគេរឹតបន្តឹងនៅអាស៊ីបូព៌ា និងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ជាង២០ឆ្នំាមកហើយ ប៉ុន្តែចាប់ពីឆ្នំា2010 ជំងឺនេះបានរាលដាលទៅភាគខាងលិចចូលទៅប្រទេសចំនួន៥ បន្ថែមទៀតនៅអាស៊ីអាគ្នេយ៍ខាងត្បូងរួមមាន៖ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌា និងប៉ាគីស្ថាន និងនៅមជ្ឈឹមបូព៌ារួមមាន៖ប្រទេសអូម៉ង់ ហ្ស៊កដានី លីបង់ និងអ៊ីស្រាអែល ព្រមទំាងទ្វីបអាហ្រិក ប្រទេសម៉ូហ្សំាប៊ិក។
ទោះបីជាយ៉ាងណាប្រទេសកម្ពុជាមិនទាន់មានវត្តមាន Foc TR4 នៅឡើងទេ  ប៉ុន្តែប្រទេសកម្ពុជាបានបង្កើតនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការគ្រប់គ្រងផ្អែកលើការចែករំលែកព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់នេះ។ ទន្ទឹមនឹងនេះ ការបកប្រែ និងបោះពុម្ពឯកសារបច្ចេកទេស ដើម្បីជាជំនួយក្នុងការអនុវត្តគម្រោងរួមទាំងការអង្កេតឃ្លាំមើលជំងឺ Foc TR4 លើដំណាំចេក គឺជាការចាំបាច់ដែលត្រូវអនុវត្តដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់វិស័យឧស្សាហកម្មដំណាំចេកនៅកម្ពុជា៕