កម្ពុជា-អាលឺម៉ង ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង អាហារូបត្ថម្
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឯកឧត្តម គ្រីស្ទៀន ប៊ឺហ្គឺ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ឋអាលឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៩ និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការងារជម្រុញចលនាភូមិ១ផលិតផល១។
ឯកឧត្តម គ្រីស្ទៀន ប៊ឺហ្គឺ មានប្រសាសន៏ថាកម្ពុជា និងអាលឺម៉ង ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមក ហើយ ហើយអាលឺម៉ង់ធ្លាប់បានជួយកម្ពុជាលើច្រើនវិស័យ ក្នុងនោះមានទាំងសន្តិសុខស្បៀងអាហារូបត្ថម្ភ និងជំរុញការលើកម្ពស់ផលិតផលខ្មែរផងដែរ។ ឯកឧត្តម បញ្ជាក់ថា ការងារសន្តិសុខស្បៀង និងអាហា-រូបត្ថម្ភ គឺជាការងារស្មុគស្មាញ ដែលទាមទារឲ្យមានការចូលរួមពហុវិស័យ។ ក្នុងនាមជាសហប្រធានក្រុមការងារបច្ចេកទេសសន្តិសុខស្បៀង និងអាហារូបត្ថម្ភ, ឯកឧត្តម នឹងពិនិត្យមើលថា តើ    អាលឺម៉ងអាចជួយអ្វីបានខ្លះ ដើម្បីជម្រុញការងារនេះឲ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ជាសេនាធិាការ បានធ្វើឲ្យប្រសើរឡើងនូវវិស័យសន្តិ-សុខស្បៀង និងអាហារូបត្ថម្ភ ដែលបានផ្តល់អត្ថប្រយោជន៏យ៉ាងច្រើនដល់កុមារ និងស្រ្តី រួមនឹងជនក្រីក្រ ជនងាយរងគ្រោះ នៅកម្ពុជា ក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការខិតខំលើកកម្ពស់ផលិតផលខ្មែរ ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអាលឺម៉ង់ ដែលកន្លងមកបានជួយដល់កម្ពុជាជាច្រើនវិស័យ រួមទាំងវិស័យសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការជម្រុញ និងលើកកម្ពស់ផលិតផលខ្មែរផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ ជាអ្នកដឹកនាំសម្របសម្រួលក្រសួង ស្ថាប័នពាក់ព័ន្ឋ ក្នុងតាក់តែងគោលនយោបាយ និងយុទ្ឋសាស្ត្រនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បាន និងកំពង់អនុវត្តយុទ្ឋសាស្ត្រជាតិ២សំខាន់ៗ គឺយុទ្ឋសាស្ត្រជាតិសន្តិស្បៀង អាហារូបត្ថម្ភ និងយុទ្ឋសាស្ត្រជាតិជម្រុញចលនាភូមិ១ផលិតផល១។  ឯកឧត្តម បន្តថា ជោគជ័យនៃការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជម្រុញចលនាភូមិ១ផលិតផល១ ពិតជាមិនអាចកាត់ផ្តាច់បានពីកិច្ចសហការយ៉ាងល្អរវាងរាជរដ្ឋាភិបាល និងបណ្តាស្ថាប័នពាក់ព័ន្ឋ អង្គការនានា ដៃគូអភិវឌ្ឍន៏ ព្រមទាំងវិស័យឯកជន ។
ចំពោះការងារជម្រុញភូមិ១ផលិតផល១នេះ គឺយើងបាន និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយគម្រោងឃុំមួយផលិតផលមួយរបស់ប្រទេសថៃ លើគម្រោងបង្កើតមជ្ឈមណ្ឌលភូមិភាគលើកកម្ពស់ចលនាភូមិ១ផលិតផល១ នៅខេត្តកំពង់ចាម ដើម្បីធ្វើជាថ្នាលបណ្តុះបណ្តាលដល់គ្រូ ឬជនបង្គោលបានយល់ដឹងកាន់តែច្បាស់ពីការងារ និងកិច្ចដំណើរការនៃការងារជម្រុញភូមិ១ផលិតផល១នៅកម្ពុជា។ 
ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូតអាលឺម៉ង បន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទឲ្យកាន់តែជិតស្និទ្ឋិថៃមទៀត ដើម្បីជម្រុញការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រោះវាផ្តល់សារៈប្រយោជន៏ខ្លាំងណស់ដល់ប្រជាពលរដ្ឋ ពិសេសកុមារដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិនាពេលអនាគត់៕