សិក្ខាកាមយោធាជាង២០០នាក់ បានប្តេជ្ញា ចូលរួមឲ្យបានយ៉ាងសកម្ម ក្នុងការលុបបំបាត់មិនឲ្យមានការចម្លងថ្មី នូវមេរោគអេដស៍ ត្រឹមឆ្នាំ២០២៥ !
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ខេត្តស្ទឹងត្រែង៖ ការប្តេជ្ញាចិត្តនេះ បានធ្វើក្នុងគ្រាចូលរួមក្នុងសិក្ខាសាលា ដែលមានការធ្វើបទបង្ហាញ ស្តីពីការផ្សព្វផ្សាយ អំពីគ្រោះថ្នាក់ នៃការឆ្លងរាល ដាលមេរោគអេដស៍ ក្នុងប្រទេសកម្ពុជា។ សិក្ខាសាលាបានធ្វើនៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ក្រោមវត្តមានមេបញ្ជាការរងយោធភូមិ១ លោកឧត្តមសេនីយ៍ ទោ កង ហ៊ីម ដែលមានការធ្វើបទបង្ហាញ ពន្យល់ណែនាំដោយមន្ត្រីជំនាញគឺ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជម្ងឺអេដស៍ លោកវេជ្ជបណ្ឌិត តែង គន្ធី។

លោកវេជ្ជបណ្ឌិត តែង គន្ធី បានធ្វើការពន្យល់ និងបង្ហាញដល់សិក្ខាកាម ដែលបានចូលរួមប្រមាណ២៦០នាក់ អោយបានយល់អំពីអ្វីទៅ ដែលជាមេរោគអេដស៍ និងអ្វីទៅដែលជាជម្ងឺអេដស៍។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយ លុបបំបាត់មិនឲ្យមានការចម្លងថ្មី នូវមេរោគអេដស៍ ត្រឹមឆ្នាំ២០២៥ គ្រាដែលអង្គការសហប្រជាជាតិ ប្តេជ្ញាលុបបំបាត់រហូតដល់ឆ្នាំ២០៣០។

កម្ពុជាកាលពីឆ្នាំ២០១៧ បានសម្រេចជោគជ័យ នូវគោលដៅ៩០ ៩០ ៩០ ដែលទទួលបានការកោតសរសើរ ពីអង្គការសហប្រជាជាតិ និងបច្ចុប្បន្នកំពុងប្រឹងប្រែង សម្រេចឲ្យបានជោគជ័យ៩៥ ៩៥ ៩៥។ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុក មេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យ ឃើញមានផ្ទុកមេរោគអេដស៍ បានទទូលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ ប្រកបដោយចីរភាព និង៩៥% នៃអ្នក ដែលបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ នឹងគ្មានវីរុសក្នុងឈាម ហើយជាងនេះទៅទៀត គឺធានាថាគ្មាននរណាម្នាក់ ត្រូវបានទុកចោល ដោយមិនទទួលបានការថែទាំ និងព្យាបាល។

ប៉ុន្តែ ការប្តេជ្ញាសម្រេចឲ្យបានជោគជ័យ ត្រឹមឆ្នាំ២០២៥ នេះ បានធ្វើទៅទន្ទឹមនឹងមានការព្រួយបារម្ភ គ្រាដែលបញ្ហាប្រឈមតាំងពីមុន និងបច្ចុប្បន្ន នៅមិនទាន់ដោះស្រាយបានតាមផែនការ។ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០១៨ មានអ្នកផ្ទុកមេរោគអេដស៍ ជាង៧ម៉ឺន៣ពាន់នាក់ ក្នុងនោះ មនុស្សពេញវ័យ ដែលមានអាយុពី១៥ឆ្នាំឡើងទៅ មានចំនួនប្រមាណ ជាង៦ម៉ឺន៩ពាន់នាក់ និងកុមារ មានចំនួនប្រមាណ ជាង៣ពាន់២០០នាក់។

ដោយឡែក ក្នុងចំនួនអ្នកផ្ទុកមេរោគអេដស៍ ជាង៧ម៉ឺននាក់នោះ អ្នកដែលមកទទួលសេវាព្យាបាល និងតាមដានសុខភាព គឺមានប្រមាណតែ ជាង៥ម៉ឺន ៧ពាន់នាក់។ ប៉ុន្តែ នៅសល់ជាង១ម៉ឺន២ពាន់នាក់ទៀត មិនបានមកទទួលយកសេវាព្យាបាលនោះទេ ដែលអ្នកលាក់មុខទំាងនោះហើយ ត្រូវបានមន្ត្រីជំនាញមានការព្រួយបារម្ភថា ពួកគេកំពុងចម្លងមេរោគអេដស៍ នៅក្នុងប្រទេសកម្ពុជា ដោយស្ងៀមស្ងាត់៕ធ.ដ

ដោយៈ ឡុង សំបូរ