ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី កោតសរសើរចំពោះសិក្ខាកាម ដែលលទ្ធផលល្អប្រសើរ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធដល់នគរបាលនាយកដ្ឋាន និងរាជធានី ខេត្ត
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កោតសរសើរសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ថាបានយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ទទួលបានលទ្ធផលល្អប្រសើរ។

មានប្រសាសន៍ខណៈដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាងឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធដល់នគរបាលនាយកដ្ឋាន និងរាជធានី ខេត្ត នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបន្ថែមឲ្យដឹងថា៖សិក្ខាកាមទាំងអស់មានការយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ស្តាប់គ្រូពន្យល់ និងខិតខំប្រឹងប្រែងទទួលយកនូវចំណេះដឹង និងបទពិសោធន៍ពីលោកគ្រូទាក់ទងទៅនឹងការប្រើប្រាស់ក្បាច់គុណ ដើម្បីការពារខ្លួនឯងផង និងប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស ដែលត្រូវតែរួមគ្នាបង្កា ទប់ស្កាត់ បង្ក្រាប និងសង្គ្រោះជនរងគ្រោះ។

ឯកឧត្តម បានបន្តឲ្យដឹងថា ជាការពិតក្នុងវគ្គបណ្តុះបណ្តាលនេះផ្អែកទាំងស្រុងទៅលើកាយសម្បទា និងការប្រើប្រាស់កម្លាំង ហើយវគ្គបណ្តុះបណ្តាលនេះ ក៏បានផ្សាភ្ជាប់ទៅនឹងកិច្ចការដែលយើងត្រូវប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ និងឆ្លើយតបទៅនិងសកម្មភាពគ្រប់ទំរង់ នៃអំពើជួញដូរមនុស្ស ដែលរួមមានការជួញដូរមនុស្សឆ្លងកាត់ព្រំដែនដូចជាពាក់ព័ន្ធនិងកម្មករលើទូកនេសាទ ការបំរើកិច្ចការផ្ទះនៅប្រទេសក្រៅ អាពាហ៍ពិពាយ៍ផ្ទុយពីឆន្ទៈ ការសុំទារក និងមានករណីថ្មីមួយទៀតគឺការពពោះជំនួសជាដើម។

លើសពីនេះ ឯកឧត្តមប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់មិនត្រូវយកចំណេះវិជ្ជាដែលទទួលបានពីការរៀនសូត្រទៅប្រើប្រាស់ខុសគោលដៅ និងជៀសវាងការប្រព្រឹត្តខុសឆ្គងផងដែរ។ គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ដោយមានការចូលរួម និងគាំទ្រពីសំណាក់អង្គការចំនួនពីរ គឺអង្គការមេត្រីអន្តរជាតិ (AIM SWAT) និងអង្គការ ចយ អិនធើណេស្យូណល(JOY international) ដែលមានគ្រូឧទ្ទេសនាមដែលមានបទពិសោធខ្ពស់មកពីសហរដ្ឋអាមេ៉រិក ព្រមទាំងមានការចូលរួមពីសិក្ខាកាមជា នាយ នាយរងនគរបាលមកពីនាយកដ្ឋាន និងស្នងការដ្ឋានរាជធានីផង ខេត្តដែរ៕ធ.ដ


អត្ថបទទាក់ទង