ក្រុមការងារកាកបាទក្រហមកម្ពុជាបានធ្វើការផ្សព្វផ្សាយ ស្ដីពី ពិការភាព និងសុវត្ថិភាពចរាចរណ៍នៅវិទ្យាល័យសម្តេចឪ
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៩ យុវជនកាកបាទក្រហមកម្ពុជាដឹកនាំដោយទីប្រឹក្សាសរុបចំនួន ៣៦ នាក់ ស្រី ២៩នាក់ ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានការចូលរួមពីលោក ឃឹម សុផល អ្នកសម្របសម្រួលគម្រោងសុវត្ថិភាពចរាចរណ៍កាកបាទក្រហមកម្ពុជា ដែលមន្រ្តីគម្រោង នៅសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ស្តីពី ហានីភ័យការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរមិនពាក់មួកសុវត្ថិភាព នៅវិទ្យាល័យ សម្តេចឪ ដែលមានសិស្សានុសិស្សអ្នកចូលរួមសរុបចំនួន២១៩នាក់ ស្រី១៧៥នាក់ ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាការស្លាប់ របួស នឹងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ក្នុងសកម្មភាពនោះ មានការបង្រៀនមួកពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង អប់រំផ្សព្វផ្សាយតាមថ្នាក់រៀន បានបង្រៀនអំពីរបៀបឆ្លងផ្លូវដោយសុវត្ថិភាព ហើយមានចែកខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ ផ្សព្វផ្សាយព័ត៌មានពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍  វិធីពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ និងសារសុវត្ថិភាព (ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍) និងស្ទិកខ័រចំណាំងផ្លាតជនពិការផងដែរ។

លោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំរបស់ប្រទេសកម្ពុជា វាបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ  បានធ្វើឱ្យបាត់បង់ធនធានមនុស្ស បន្សល់ទុកនូវកុមារកំព្រា ស្រ្តី មេម៉ាយ ជនពិការ ប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិ និងខូចខាតសណ្តាប់ធ្នាប់សង្គម គឺបណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវ មិនគោរពច្បាប់ចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរផងដែរ។

ជាមួយគ្នានោះ លោក ឈិន តៃឈាង នាយកសាលាវិទ្យាល័យសម្តេចឪ បានមានប្រសាសន៍ថា៖ នៅសាលាវិទ្យាល័យរបស់លោក បច្ចុប្បន្ននេះ យើងមានសិស្សសរុបចំនួន២៦៥០នាក់ និងលោកគ្រូ អ្នកគ្រូចំនួន២០៤នាក់ សម្រាប់សិស្សនិងគ្រូនៅឆ្នាំថ្មីនេះ ចំពោះការគ្រោះថ្នាក់ចរាចរណ៍ពុំទាន់មាននៅឡើយទេ ក៏ប៉ុន្តែកាលពីឆ្នាំចាស់កន្លងទៅកូនសិស្សបានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីឡាន ដឹកដីបើកបរដោយគ្មានការប្រុងប្រយ័ត្នទើបធ្វើឲ្យគ្រោះថ្នាក់បែបនោះ។

លោក នាយកសាលា បានសំណូមពរដល់អ្នកបើកបរយាយន្តគ្រប់ប្រភេទ ពេលមកដល់ជិតសាលារៀន មន្ទីរពេទ្យ និងទីប្រជុំជននានា សូមមេត្តាបន្ថយល្បឿនផង ដើម្បីរួមគ្នាកាត់បន្ថយ ការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានជំរុញដល់ប្រជាពលរដ្ឋដែលបានចូលរួម សូមជួយណែនាំដល់កូនចៅក្នុងសមាជិគ្រួសារ និងអ្នកជិតខាង ឱ្យពួកគាត់ពេលបើកបរត្រូវពាក់មួក និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានជាប់ជាប្រចាំ បើកបរទៅតាមល្បឿនកំណត់ គោរពស្លាកសញ្ញាតាមដងផ្លូវ ជាដើម ដើម្បីជៀសវាងនៅការគ្រោះថ្នាក់ដោយយថាហេតុណាមួយបានកើតឡើង។

លោក ឈិន តៃឈាង បានបន្តទៀតថា៖ ជាពិសេសនៅពេលដែលរាល់សិស្សានុសិស្សបានធ្វើដំណើរមកពីផ្ទះ ដើម្បីចូលរៀន ហើយនឹងត្រឡប់ទៅផ្ទះវិញនោះ សូមសំណូមពរដល់សមត្ថកិច្ចប៉ូលិសធ្វើយ៉ាងណាមេត្តាជូយសម្រួលចរាចរណ៍ នៅមុខសាលានៅដែលសិស្សានុសិស្សជាច្រើនរយនាក់កំពុងតែធ្វើដំណើរចេញចូលទៅសាលា និងផ្ទះផងដែរ៕ធ.ដ

ដោយ ស៊ាន សុផាត