សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងបង្កើនសមត្ថភាពលើការកំណត់រោគវិនិច្ឆ័យ និងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិត ហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹក លើដំណាំចេកនៅប្រទេសកម្ពុជា
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

នៅសណ្ឋាគារកំាបូឌីយ៉ាណា ព្រឹកថ្ងៃទី២១ ខែវិច្ឆកា ឆ្នំា២០១៩ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងបង្កើនសមត្ថភាពលើការកំណត់រោគវិនិច្ឆ័យ និងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិត ហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹក លើដំណាំចេកនៅប្រទេសកម្ពុជា ក្រោមការចូលរួមពីឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងលោក អ៊ុ កុសល តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាតិ។

តាមការឲ្យដឹងពីលោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណំា អនាម័យ និងភូតគាអនាម័យនៃអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថាៈ ក្នុងរយៈពេលប៉ុន្មានឆ្នំាចុងក្រោយនេះ ប្រទេសកម្ពុជាមានការកើនឡើងនៃការដំាដុះដំណាំចេកជាលក្ខណៈពាណិជ្ជកម្ម ដោយសារតែមានការកើនឡើងនៃតម្រូវការទីផ្សារក្រៅប្រទេស។ ជាក់ស្តែងនៅឆ្នំា២០១៨ ប្រទេសកម្ពុជាបានក្លាយជាប្រទេសនំាចេញចេក ដែលមានប្រទេសចិនជាទីផ្សារដ៏សំខាន់។

លោក អ៊ុ កុសល បានបញ្ជាក់ថាៈ គម្រោងបង្កើនសមត្ថភាពលើការកំណត់រោគវិនិច្ឆ័យ និងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិត ហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹក លើដំណាំចេកនៅប្រទេសកម្ពុជា គឺត្រូវបានអនុវត្តន៍ចំនួន ៦ប្រទេសរួមមានៈ ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ចិន និងប្រទេសមីយ៉ាន់ម៉ា ដែលមានរយៈពេល២ឆ្នាំ (ខែមករា ឆ្នាំ២០១៨ ដល់ ខែមិថុនា ឆ្នាំ២០១៩) និងបានបន្តដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ជាលទ្ធផល ប្រទេសកម្ពុជាបានចុះអង្កេត និងប្រមូលសំណាកដំណាំចេក (ចេកអំបូងលឿង និងចេកណាំវ៉ា) ក្នុងខេត្តចំនួន០៥ គឺ កំពង់ចាម កំពត រតនគិរី ព្រះវិហារ និងបន្ទាយមានជ័យ ក្រោយពីការធ្វើរោគវិនិច្ឆ័យលើសំណាកចេកដែលប្រមូលបានពីបណ្តាខេត្តខាងលើ គ្រប់សំណាកទាំងអស់គ្មានជំងឺស្រពោនលឿងស្លឹកដែលបណ្តាលមកពី Foc TR4 ទេ ទាំងចេកអំបូងលឿង(Cavendish) និងចេកណាំវ៉ា។

ឯកឧត្តម បណ្ឌិត ងិន ឆាយ បានវាយតម្លៃខ្ពស់ចំពោះគម្រោងស្តីពី ការផ្សព្វផ្សាយលទ្ធផលគម្រោងបង្កើនសមត្ថភាពលើការកំណត់រោគវិនិច្ឆ័យ និងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិតហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹក លើដំណាំចេកនៅប្រទេសកម្ពុជា ដែលបានចូលរួចចំណែកយ៉ាងសំខាន់ក្នុងការបង្កើននូវផលិតភាពដំណាំចេក តាមរយៈការគ្រប់គ្រង ការធ្វើអង្កេត ការធ្វើរោគវិច្ឆ័យ ការតាមដាន ការចាត់វិធានការទប់ស្កាត និងកម្ចាត់ជំងឺផ្សិតស្រពោនលឿនស្លឹក Fusarium Wilt ដែលទំាងអស់នេះសុទ្ធតែជាកត្តាគន្លឹះមិនអាចខ្វះបាន សម្រាប់ចូលរួមចំណែកកិច្ចអភិវឌ្ឍន៍អនុវិស័យកសិកម្មឲ្យទទួលបានជោគជ័យ ដើម្បីផ្គត់ផ្គង់តម្រូវការប្រចំាថ្ងៃ និងការនំាចេញទៅកាន់ទីផ្សារអន្តរជាតិ។