ស្ពានស្ទឹងត្រង់បេីកឲ្យតំណេីរការបណ្ដោះអាសន្នវិញហេីយ បន្ទាប់ពីបិទមួយរយៈនៅក្នុងរដូវទឹកឡេីង
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កំពង់ចាម៖ នៅសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារបានចុះពិនិត្យមើលស្ពានបេឡេដែលសាងសងបណ្តោះអាសន្ន ដើម្បីដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្តិតនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ក្នុងស្រុកកំពង់សៀម ដែរកន្លងមកស្ពានបេតុងគៀនជ្រៃ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧៩(កំពង់ចាម-ស្ទឹងត្រង់) ក្នុងភូមិស្ថានថ្មី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ដែលបានបាក់ស្រុតដោយទឹកហូរច្រោះដីស្រទាប់ក្រោមសម្រាប់ទប់សសរគ្រឹះស្ថាន ហើយតួស្ពានបានញែកចេញពីគ្នាមានគម្លាត ប្រហែល ០,០៣ម៉ែត្រ ទៅ ០,០៤ម៉ែត្រដែលបណ្តាលឲ្យមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទមិនអាចឆ្លងកាត់ស្ពាននេះបានឡើយ។

ក្នុងឱកាសនោះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដោយបានសាងសង់ស្ពានបេឡេថ្មីចំនួនមួយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នសិន និងបានអនុញ្ញាតឲ្យមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទលើកលែងតែរថយន្តធន់ធ្ងន់ អាចធ្វើដំណើរឆ្លងកាត់ស្ពានបេឡេនេះ វិញបាន ចាប់ពីពេលនេះតទៅ ដោយរង់ចាំក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការសាងសង់ស្ពានបេតុងថ្មី ជំនួសស្ពានបេតុងចាស់ដែលរងការខូចខាតដោយសារទឹកហូរច្រុះនាពេលកន្លងមកនេះ។ អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ ជំនួសមុខប្រជាពលរដ្ឋ រស់នៅតាមផ្លួវលេខ ២៧៩ (កំពង់ចាម-ស្ទឹងត្រង់) បានថ្លែងអំណរគុណដល់ឯកឧត្ដម អ៊ុន ចាន់ដា ដែលបានពន្លឿនក្នុងការសង់ស្ពានបណ្ដោះអាសន្នឲ្យប្រជាពលរដ្ឋបានធ្វើចរាចរឆ្លងកាត់។

អ្នកស្រី អ៊ា ចាន់ថុល បានឲ្យដឹងថា ក្រោយពេលស្ពានកៀនជ្រៃ ត្រូវបានផ្អាកចរាចរណ៍ ដោយសារចាស់ទ្រុឌទ្រោម ហើយត្រូវវាយកម្ទេចចោល និងសាងសង់ស្ពានថ្មី បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិបាកក្នុងការធ្វើចរាចរឆ្លងកាត់។ ប៉ុន្តែក្នុងរយៈពេលខ្លី ដោយសារមានការយកចិត្តទុកដាក់ ពីសំណាក់លោកអភិបាលខេត្តកំពង់ចាម រួមជាមួយនឹងក្រុមការងារ ទើបបានពន្លឿនក្នុងការសាងសង់ស្ពានបាឡេបណ្ដោះអាសន្ន។

លោកស្រីថ្លែងថាៈ បច្ចុប្បន្នប្រជាពលរដ្ឋមានការសប្បាយចិត្តដោយបានស្ពានបណ្ដោះអាសន្នឆ្លងកាត់ សម្រាប់ពួកគាត់ធ្វើដំណើរ ឬនាំទំនិញទៅលក់នៅទីផ្សារក្នុងទីរួមខេត្តកំពង់ចាម ក៏ដូចជាសិស្សានុសិស្សបានឆ្លងកាត់ទៅសាលារៀនផងដែរ។សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកានេះអភិបាលខេត្តកំពង់ចាម និងក្រុមការងារ បានចុះពិនិត្យ  ស្ថានភាព ស្ពានបាឡេបណ្ដោះអាសន្ន នៅឃុំគៀនជ្រៃ ដោយផ្ទាល់ដើម្បីធានាបានថា ស្ពាននោះអាចឲ្យប្រជាពលរដ្ឋឆ្លងកាត់បានដោយសុវត្ថិភាព៕ធ.ដ