អ្នកជំនាញពិនិត្យ ទំនិញ ឬម្ហូបអាហារ រកឃើញតែភេសជ្ជៈហួសកាលបរិច្ឆេត១យួរ ប៉ុណ្ណោះក្នុង ផ្សារកោះញែក
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

មណ្ឌលគិរី៖ រយៈពេល១ព្រឹកថ្ងៃទី២២ វិច្ឆិកា ក្រោមការចុះពិនិត្យ និងធ្វើតេស្តពីសំណាក់មន្ត្រីជំនាញកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ពុំបានរកឃើញទំនិញឬម្ហូបអាហារ ដែលតាំងលក់ក្នុងផ្សារស្រុកកោះញែកមានបញ្ហា ធ្វើឲ្យអ្នកពិសារប៉ះពាល់សុខភាពឡើយ។ ក្នុងនោះជំនាញរកឃើញតែភេសជ្ជៈហួសកាលបរិច្ឆេត១យួរប៉ុណ្ណោះ។

ក្នុងប្រតិបត្តការនេះលោក ជ័យ សាមឿន អនុប្រធានសាខាកាំកុងត្រួលខេត្តបានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនេះ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ដែលផ្ដោតទៅលើកទំនិញវេចខ្ចប់ស្រាប់ ម្ហូបអាហារ ជាពិសេសទំនិញហួលការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ដិភាព ឬលាយសារធាតុគីមីហាមឃាត់។

លោកបានបន្ថែមថា ការចុះត្រួតពិនិត្យទំនិញនេះ បានធ្វើតេស្តលើមុខបន្លែជាច្រើនមុខ និងចំនីអាហារ ដើម្បីស្វែងរកសាធាតុគីមី ហាមឃាត់ ប៉ូរ៉ាក់ ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់នោះទេ បន្ទាប់មកមន្ត្រីជំនាញបានចុះពិនិត្យទំនិញនៅតាមដេប៉ូ ចែកចាយនានា ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភេសជ្ជៈហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន១យួរ និងបានដកហូតយកមករក្សាទុកនៅមន្ទីរពាណិជ្ជកម្ម ដើម្បីដុតកម្ទេចចោលនាពេលក្រោយ ។

មន្ត្រីកាំកុងត្រូល ត្រូវគេឃើញថាបាន ណែនាំបន្ថែម ដល់អាជីវករ ពាណិជ្ជករឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និងត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់ ៕ធ.ដ

ដោយៈសាតចាន់បុត្រ


អត្ថបទទាក់ទង