ជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីឆក់ទូរស័ព្ទដៃ ពីជនជាតិចិនម្នាក់ នៅខណ្ឌចំការមន
ថ្ងៃ សុក្រ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវបានជនសង្ស័យ ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយបើករត់តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់ក្របួចបាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នៅត្រង់ចំណុចខាងក្រោយផ្សារអ៊ីអន តាមបណ្តោយផ្លូវសបិទ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ទី១មានឈ្មោះ ធី ថេ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ នៅហាងស៊ុបចង្កាក់ ជាអ្នកឆក់ អង្គុយខាងក្រោយ។ ជនសង្ស័យទី២ មានឈ្មោះ ឈាង  វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងស្រាក្រឡុក ជាអ្នកបើកម៉ូតូ អ្នកទាំង២រស់នៅម្តុំផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនរងគ្រោះជាជនជាតិចិនមានឈ្មោះ ហ្សូ លន់ហ៊ី (Zhou Iunhe) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរថៅកែហាង អាហាមួយកន្លែងនៅជិតកន្លែងកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញជនជាតិចិនដើរ តាមបណ្ដោយផ្លូវសបិទ តាមដៃទន្លេខាងក្រោយផ្សារអ៊ីអន ទឹសដៅ ពីត្បូងទៅជើង ដើរបណ្តើរចុចទូរស័ព្ទបណ្តើរ ខណៈមកដល់ចំណុចកើត ហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកស៊ុយគី លែក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FC.4750 មកពីខាងក្រោយហើយធ្វើសកម្មភាពឆក់ទូរស័ព្ទ ដៃម៉ាកហ៊ួ វ៉ៃ បានសម្រេច ខណៈពេលនោះសមត្ថកិច្ច មូលដ្ឋានកំពង់ល្បាត ប្រទះឃើញក៏ដេញតាម ជនសង្ស័យបើករត់មកទឹសខាងលិច តាមបណ្ដោយផ្លូវស្ថានទូត រុស្សុី បត់មកខាងមុខផ្សារអ៊ីអនផ្លូវសុធារស់ សមត្ថកិច្ចដេញទាន់ ជនសង្ស័យភ័យក៏ផ្តួលម៉ូតូរត់ចូលផ្សារអ៊ីអន បោះទូរស័ព្ឌចោល ខណៈ ពេលនោះក៏បានសន្តិសុខយាមនៅផ្សារអ៊ីអនជួយចាប់បានជនសង្ស័យទាំង២នាក់ និងរើស ទូរស័ព្ឌប្រគល់ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ទន្លេបាសាក់យកទៅសួរនាំ និងប្រគល់ទូរស័ព្ទឲ្យទៅជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមន ចាត់ការណ៍តាមនីតិវិធីនៃច្បាប់៕ធ.ដ


អត្ថបទទាក់ទង